(វីដេអូ) ពិធីហែជំនូនមួយនៅបាត់ដំបង ចាក់បទ «ក្របីជល់ចេក» កំពុងផ្ទុះការជជែកពេញហ្វេសប៊ុក
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកមានស្រុកកំណើតនៅខេត្តបាត់ដំបង កំពុងផ្ទុះមតិជជែកវែកញែក ក្រោយឃើញពិធីមង្គលការមួយស្ថិតនៅឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង រៀបចំពិធីហែជំនូនដោយចាក់បទចម្រៀង «ក្របីជល់ចេក» ខណៈតាមប្រពៃណីកន្លងមក គេច្រើនតែនិយមចាក់បទចម្រៀង «ចៅព្រាហ្ម» ក្នុងពិធីមួយនេះ។
យោងតាមវីដេអូបង្ហោះដោយទំព័រហ្វេសប៊ុកផេក «Battambang City-បាត់ដំបងផ្ទះខ្ញុំ» បង្ហាញពីសកម្មភាពក្នុងពិធីហែជំនូននោះ បង្ហាញឱ្យឃើញពីសកម្មភាពនារី ២ ជួររាំនាំមុខសំដៅចូលរោងជ័យ ដោយមានចាក់បទចម្រៀង «ក្របីជល់ចេក» បង្កឱ្យមានការវែកញែកពីមហាជនថា មិនមែនជាប្រពៃណីខ្មែរ, មិនសមស្របតាមទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ ចំណែកប្រិយមិត្តមួយចំនួនដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង ក៏បដិសេធថាខ្លួនជាអ្នកបាត់ដំបងដែរ ប៉ុន្ដែមិនធ្លាប់បានឃើញគេហែជំនូនចាក់បទចម្រៀងនេះទេ ជាដើម។
ដោយឡែកក្រៅពីមានការបញ្ចេញយោបល់រៀងៗខ្លួនពាក់ព័ន្ធនឹងវីដេអូនោះ ក៏មានគណនីហ្វេសប៊ុកមួយបានលើកហេតុផលផ្សេងថា ៖ «វីដេអូនេះរាំហែកូនកំលោះក្នុងពិធីមង្គលការមួយ នៅឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ប្រហែលជាកូនកំលោះគាត់ជាអ្នកស្រុកបាត់ដំបងប៉ែកខាងលិចហើយមើលទៅ ស្នំសមសួនតាមទម្លាប់ពួកគាត់»។ សូមទស្សនាវីដេអូ ៖