អ្នកលក់បាយឆាស្អាតដូចតារា មនុស្សសម្រុកចូលហាងណែនៗរាល់ថ្ងៃ ដើម្បីទៅញ៉ាំបាយក្លែមសម្រស់
ថ្មីៗនេះ កំពុងផ្អើលកំលោះៗភ្លូកទឹកភ្លូកដី ទៅញ៉ាំបាយឆានៅហាងមួយកន្លែងនាប្រទេសចិន ដែលមានអ្នកលក់ជាស្រីស្អាតសែនស្អាត ធ្វើឱ្យផ្ទាល់ៗដៃ ចំណេញបានទាំងចំណីក្រពះហើយ ថែមមានសម្រស់ជាចំណីភ្នែកទៀត។
វីដេអូរបស់អ្នកលក់បាយឆារូបស្រស់នេះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ដោយសារតែការឆាបាយយ៉ាងទំនងរបស់នាង រួមជាមួយនឹងសម្រស់ដ៏សែនស្អាត ឃើញហើយចង់ហូបបាយតែម្តង។ នារីឆាបាយរូបស្រស់នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតត្រូវបានគេដាក់នាមឱ្យជាស្រីស្អាតបាយឆាទៀតផង ដែលមើលទៅពិតជាស័ក្តិសមជាមួយនាងមិនតិចឡើយ។
ដោយឡែក បើតាមព័ត៌មានបានឱ្យដឹងថា នារីរូបស្រស់នេះ មានវ័យ ២៧ ឆ្នាំ បានធ្វើការនៅក្នុងហាងបាយមួយនេះមួយរយៈមកហើយ ហើយតាមពិតទៅនាងជាតារាម៉ូដែល និង ពិធីការិនីម្នាក់ តែដោយសារតែផ្ទុះការរាតត្បាតជំងឺកូវីដ នាងក៏ផ្អាកការងារសិល្បៈ រួចមកធ្វើជាកូនកាំបិតនៅហាងនេះវិញ។ នាងធ្វើការក្នុងមួយសប្តាហ៍ត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ ដោយនាងធ្វើការមួយនេះជាង ២ ឆ្នាំទៅហើយ ទើបមកដល់បច្ចុប្បន្ន នាងអាចធ្វើម្ហូប ឆាបាយបានយ៉ាងស្ទាត់ជំនាញបែបនេះ៕