ទុរេនឡើងថ្លៃ សម្បូរចោរលួចពេក ថៃ ដាក់ពង្រាយប៉ូលិសយាមល្បាតតាមចម្ការទុរេនរហូតទល់ភ្លឺ
នៅថៃ ឥលូវនេះបានធ្វើការដាក់ពង្រាយប៉ូលិសឱ្យធ្វើការយាមល្បាតចម្ការទុរេន ក្រោយមានចោរចូលលួចខាតបង់ធ្ងន់ធ្ងរ។ តាមការចេញផ្សាយពីសារព័ត៌មាន The Nation បានឱ្យដឹងថា ប៉ុស្តិ៍ប៉ូលិស Ao Cho នាស្រុក Muang ប្រទេសថៃ បានចេញវិធានការ ក្រោយកសិករក្នុងតំបន់រងការខាតបង់ខ្លាំង ដោយសារតែចោរចូលលួចទុរេនក្នុងចម្ការរបស់ពួកគេ គិតជាសាច់ប្រាក់អស់ចំនួន ១ លានបាត (ប្រមាណ ២៩ ០០០ ដុល្លារ)។
ក្រោមវិធានការនេះដែរ ប៉ូលិសនឹងចុះប្រតិបត្តិការយាមល្បាតជុំវិញចម្ការទុរេនចាប់ពីម៉ោង ៦ ល្ងាច រហូតទល់ភ្លឺ ដោយប្រតិបត្តិការនេះ នឹងបន្តធ្វើជាប់រហូតដល់ទុរេនដល់ពេលប្រមូលផលបាន។ តាមការបញ្ជាក់ពីលោកអធិការ Ariyachai Thima បានឱ្យដឹងថា ថ្មីៗនេះ កសិករបានធ្វើការដាក់ពាក្យប្ដឹងថា មានចោរលួចចូលចម្ការរបស់ពួកគេនៅពេលយប់ លួចបេះទុរេន ព្រោះផ្លែឈើប្រភេទនេះពេញនិយម និង មានតម្លៃខ្ពស់លើទីផ្សារ។
លោក Ariyachai បានបន្តទៀតថា ប៉ូលិសនឹងធ្វើការរឹតបន្តឹងយាមល្បាតចម្ការទុរេន ជាពិសេសនៅពេលយប់ ដើម្បីធានាសុវត្ថិភាពជូនកសិករក្នុងតំបន់។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការដាំដុះផ្លែទុរេនច្រើនជាងគេបំផុតលើពិភពលោក។ ជាក់ស្ដែង កាលពីឆ្នាំ ២០២១ កន្លងទៅ ប្រទេសនេះ បានចំណូលប្រមាណ ១០០ ពាន់លានបាត (ប្រមាណ ២.៩ ពាន់លានដុល្លារ) ពីការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារក្រៅប្រទេសដូចជា ប្រទេសចិន និង កូរ៉េខាងត្បូងជាដើម៕