ចេះរកនឹកឃើញ! កូនមិនខំរៀន ម្ដាយយកពងមាន់ឆៅទៅដាក់ក្រោមជើងកូន បើហ៊ានតែជាន់បែក ដាក់ពិន័យធ្ងន់
ថ្មីៗនេះ មានអ្នកម្តាយសែនឆ្លាតម្នាក់ ចេះរកនឹកឃើញពត់និស្ស័យខ្ជិលរៀនរបស់កូន ដោយការយកពងមាន់ទៅដាក់ក្រោមតុរៀន បង្ខំឱ្យអង្គុយរៀន មិនហ៊ានប៉ះពងមាន់ ងើបចេញពីតុមិនបាន។
ម្តាយជនជាតិចិនរូបនេះ បានរៀបរាប់ឱ្យដឹងថា ខ្លួនពិតជាពិបាកចិត្តណាស់ ព្រោះកូនស្រីមិនខំរៀនសោះ ខំស្តីខំថាឱ្យប៉ុណ្ណា ក៏មិនខ្ចីស្តាប់ ហើយឱ្យតែដល់ពេលរៀនម្តងៗ តែងយកលេសធ្វើនេះធ្វើនោះ តិចឃ្លានបាយ តិចចូលបន្ទប់ទឹក មិនដែលអង្គុយនៅតុ តាំងចិត្តរៀនឱ្យបានត្រឹមត្រូវឡើយ។ ហេតុនេះហើយ ទើបម្តាយរូបនេះ បាននឹកឃើញវិធីម្យ៉ាង ដែលឱ្យកូនអង្គុយរៀនបានយូរ ដោយយកពងមាន់ជាច្រើនគ្រាប់ ទៅតម្រៀបដាក់នៅពេញក្រោមតុ ក្រោមកៅអីរបស់នាង ព្រមទាំងប្រាប់ថា ឱ្យអង្គុយរៀនឱ្យស្ងៀម បើហ៊ានតែធ្វើពងមាន់បែក នឹងត្រូវដាក់ទោសធ្ងន់ធ្ងរមិនខាន។
វិធីនេះ ពិតជាបានផលពិតមែន ព្រោះកូនស្រីជើងល្អ ក៏ព្រមអង្គុយរៀនទាំងទឹកភ្នែក មិនហ៊ានរង្គើរខ្លួន មិនហ៊ានងើបចេញពីតុឡើយ។ យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវនេះ បានចែកចាយទៅបណ្តាញសង្គម ក៏មានមហាជនជាច្រើនចូលទៅបញ្ចេញការយល់ឃើញរៀងខ្លួន។ អ្នកខ្លះ ក៏សរសើរម្តាយ ដែលចេះរកវិធីប្រដៅកូនដោយមិនប្រើអំពើហិង្សា ឯអ្នកខ្លះទៀតថា បែបនេះមិនល្អទេ ព្រោះវាអាចប៉ះពាល់ដល់ផ្លូវចិត្តរបស់កូន ហើយក៏មិនណែនាំឱ្យធ្វើតទៀតផងដែរ៕