ជាខេត្តមួយប្រកបទៅដោយសក្តានុពលទេសចរខ្ពស់ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តសៀមរាប គឺសម្បូរទៅដោយប្រាង្គប្រាសាទបុរាណយ៉ាងច្រើនសម្បូរបែប និង តំបន់ទេសចរមានទេសភាពស្រស់ត្រកាលច្រើនអនេក ទាក់ចិត្តអ្នកទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្ត មិនថាថ្ងៃសម្រាក ឬក៏បុណ្យទានផ្សេងៗ ជាដើម។
ទន្ទឹមទៅនឹងកន្លែងលម្ហែដ៏ច្រើនសម្បូរបែប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវកន្លែងលម្ហែមួយ ដែលបងប្អូនមួយចំនួនមើលរំលង និង ពុំទាន់បានទៅដល់ ដែលនៅទីនោះមានឈ្មោះថា «រមណីយដ្ឋានស្ពានឫស្សី» ។
ស្ថិតនៅភូមិព្រះគោថ្មី ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប មានចម្ងាយត្រឹម ៨ គីឡូម៉ែត្រ រាប់ចាប់ពីមុខអង្គរវត្ត រមណីយដ្ឋានស្ពានឫស្សី មានស្ពានកាច់កោងសង់ឡើងពីឫស្សី សាងសង់នៅលើមាត់ទឹកអាចឱ្យប្រិយមិត្តទៅទទួលទានអាហារ សម្រាកកម្សាន្ត និង បោះតង់ ជាដើម ជាមួយបរិយាកាសស្ងប់ស្ងាត់ គួរជាទីមនោរម្យក្រៃលែង។
ទីតាំងខាងលើ បើកទទួលភ្ញៀវទេសចរឱ្យចូលរួមទស្សនា និង សម្រាកលម្ហែកម្សាន្ត ចាប់ពីម៉ោង 10:00 ព្រឹក រហូតដល់ម៉ោង 7:00 យប់ផងដែរ៕
រូបភាព ៖ Bamboo Bridge