មិនដល់ ១ សប្តាហ៍ផង ប្រទេសឡាវជួបគ្រោះរញ្ជួយដី ២ ដងផ្ទួនៗ ក្នុងកម្រិត ២.៣ រ៉ិចទ័រ និង ២.៧ រ៉ិចទ័រ
គ្រោះរញ្ជួយដីតូចមួយកម្រិត ២.៣ រ៉ិចទ័រ បានកើតមានឡើងនៅយប់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ក្នុងខេត្ត Xayaburi ភាគខាងជើងប្រទេសឡាវ ប៉ុន្តែមិនមានបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ឬ ស្លាប់របួសនោះឡើយ។
តាមរបាយការណ៍ព័ត៌មានពី Lao National Earthquake Data Center បានឱ្យដឹងថា គ្រោះរញ្ជួយដីមួយនោះ បានកើតឡើងនៅវេលាម៉ោង ២០ និង ៣២ នាទីយប់ (ពេលវេលាក្នុងតំបន់) ដោយចំណុចកណ្ដាលស្ថិតក្នុងជម្រៅ ៦ គីឡូម៉ែត្រ។ តាមអ្នកជំនាញផ្នែកភូមិសាស្ត្របានឱ្យដឹងថា ភាគខាងជើងប្រទេសឡាវ គឺតែងជួបប្រទះគ្រោះរញ្ជួយដីកម្រិតស្រាលជាញឹកញាប់ ដោយសារតែទីតាំងភូមិសាស្ត្រនៅទីនោះមិនមានស្ថេរភាព។ មូលហេតុនេះហើយ ទើបអ្នកជំនាញមានការព្រួយបារម្ភជាខ្លាំង ដោយសារតែតំបន់នៅទីនោះ មានទំនប់វារីអគ្គិសនីធំៗ ដូចជាទំនប់វារីអគ្គិសនី Xayaburi ជាដើម។
គួររំឭកផងដែរថា កាលពីថ្ងៃទី ២៧ ខែកុម្ភៈ កន្លងទៅ ក្នុងខេត្តខាងលើនេះ ក៏ជួបប្រទះគ្រោះរញ្ជួយដីកម្រិត ២.៧ រ៉ិចទ័រផងដែរ ប៉ុន្តែមិនបង្កជាការខូចខាតទ្រព្យ ឬ អាយុជីវិតពលរដ្ឋនៅទីនោះដូចគ្នា៕