នារីម្នាក់ ត្រូវតោមួយក្បាលរួចពីផ្ទះអ្នកជិតខាងមករកខាំ តែចៃដន្យនាងខាំវាបានមុន តោភ័យរត់បាត់
រឿងរ៉ាវរន្ធត់មួយបានកើតឡើងលើស្ត្រីម្នាក់ឈ្មោះថា Lidia Hernandez អាយុ ៤០ ឆ្នាំ មកពីប្រទេសម៉ិកស៊ិក ក្រោយសត្វតោមួយក្បាលបានរួចពីផ្ទះអ្នកជិតខាងមករកខាំនាង តែជាសំណាងល្អនាងបានខាំវាមុន ហើយវាភ័យរត់បាត់បន្សល់ស្នាមរបួសពេញខ្លួន ដោយសារតោរត់សង្គ្រប់ និង ក្រញាំ។
ហេតុការណ៍នេះ បានកើតឡើងនៅទីក្រុង Aguascalientes ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី ៣១ ខែមករា កន្លងទៅនេះ ដោយសត្វតោញីដែលមានឈ្មោះថា Salome អាយុ ២ ឆ្នាំ បានរួចចេញពីផ្ទះអ្នកជិតខាងអំឡុងពេលមានចោរចូលផ្ទះ។ ក្រោយរួចចេញក្រៅតោញីមួយក្បាលនោះបានសម្លាប់សត្វឆ្កែអ្នកភូមិអស់ ២ ក្បាល និង ឆ្មាមួយក្បាល មុនពេលមកដល់ផ្ទះ Lidia។
Lidia បានរៀបរាប់ថា ៖ «ដំបូងឡើងនាងស្មានថាតោនោះជាមនុស្ស ដោយមើលតាមស្រមោលដែលចាំងចូលតាមទ្វារផ្ទះនាង ហើយនាងបើកទ្វារ ព្រោះតែចង់យកខោអាវទៅបោក ស្រាប់តែស្រមោលនោះលោតមកសង្គ្រប់លើនាង។ ដោយភាពភ័យស្លន់ស្លោនាងបានខាំសត្វតោនោះនៅក្បែរភ្នែក ដែលធ្វើឱ្យវាភ័យហើយរត់គេចបាត់ បន្សល់ទុកឱ្យនាងជាមួយស្នាមរបួសនៅលើខ្លួនផ្នែកស្មា ដៃ និងជើង»។
ក្រោយកើតហេតុ Lidia ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយម្ចាស់តោដែលមានឈ្មោះថា Geovany អាយុ ៣៤ ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួនដើម្បីធ្វើការស៊ើបអង្កេត។ គេបានរកឃើញថាបុរសរូបនេះ អាចគ្រប់គ្រងតោនោះបានដោយយកវាធ្វើជាយានជំនិះជិះកម្សាន្តថែមទៀត ហើយក្រៅពីតោញីនេះ ក៏នៅមានតោឈ្មោលមួយក្បាលផ្សេងទៀតដែលមានឈ្មោះថា Cachito អាយុ ៩ ខែ។
ម្ចាស់តោបានបញ្ជាក់ថា លោកទទួលបានសិទ្ធិអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានក្នុងការថែរក្សាចិញ្ចឹមសត្វតោក្នុងផ្ទះ ដោយបញ្ហានេះលោកនឹងចេញថ្លៃព្យាបាលទាំងអស់ចំពោះ Lidia តែលោកបដិសេធក្នុងការផ្គត់ផ្គង់ចិញ្ចឹមគ្រួសារនាង ដោយលោកឧបត្ថម្ភតែថ្លៃព្យាបាលតែប៉ុណ្ណោះ៕