ប្លែកខុសគេ! គូស្នេហ៍មួយគូ ចាយពេល ២ ឆ្នាំ ឡើងភ្នំខ្ពស់ៗចំនួន ១២ ដើម្បីថតរូបរៀបការ
ជឿជាក់ថាមានគូស្នេហ៍មិនតិចទេ ដែលរៀបគម្រោងអាពាហ៍ពិពាហ៍ ឬ ថតរូបមុនរៀបការឱ្យខុសប្លែកពីគេ ព្រោះតែវាជាពេលសំខាន់មួយក្នុងជីវិតគូស្នេហ៍ ដែលភាគច្រើនបានគិតល្អិតល្អន់ហើយព្យាយាមចៀសផុតពីភាពច្រំដែល។
ជាក់ស្ដែងថ្មីៗនេះ គូស្នេហ៍ជនជាតិវៀតណាមមួយគូហាក់ធ្វើឱ្យមហាជនចាប់អារម្មណ៍ ក្រោយចំណាយពេលជាង ២ ឆ្នាំ ដឹកដៃគ្នាឡើងភ្នំខ្ពស់ៗចំនួន ១២ ទីតាំងក្នុងប្រទេសដើម្បីថតរូបរៀបការ។
Lap និង Diem បានស្គាល់គ្នាអំឡុងពេលវិបត្តិកូវីដ ដោយពួកគេបានរកឃើញថាពួកគេមានចំណង់ចំណូលចិត្តក្នុងការដើរលេងបែបផ្សងព្រេងដូចគ្នា ជាពិសេសការផ្សងព្រេងឡើងភ្នំខ្ពស់ៗមានឧបសគ្គ ដែលជាហេតុធ្វើឱ្យពួកគេមានគំនិតថតរូបរៀបការនៅលើកំពូលភ្នំ។
Lap និង Diem បានចំណាយពេលហាត់សម និង ហ្វឹកហាត់រាងកាយជាមួយគ្នាមុនពេលធ្វើបេសកម្មឡើងភ្នំថតរូបរៀបការ ដែលការហ្វឹកហាត់នេះគឺដើម្បីឱ្យសុខភាពរឹងមាំ ហើយស៊ាំនឹងការនឿយហត់។
នៅខែមីនា ឆ្នាំ ២០២១ ពួកគេបានចំណាយពេល ៥ ថ្ងៃដើម្បីឡើងភ្នំចំនួន ៣ នៅភាគពាយព្យប្រទេសវៀតណាមនោះគឺភ្នំ Putaleng, Ta Lien Son និង Ngu Chi Son។ ក្នុងនោះអ្នកទាំងពីរចំណាយពេល ២ ថ្ងៃ ដើម្បីឡើងភ្នំ Putaleng ដែលជាភ្នំមានកម្ពស់ ៣០៤៩ ម៉ែត្រ ហើយជាភ្នំដែលគ្រោះថ្នាក់បំផុតប្រចាំវៀតណាម។
ក្រោយមកពួកគេក៏បានបន្ដដំណើរទៅកាន់ទីតាំងផ្សេងៗ ដូចជាភ្នំនៅតំបន់ Sapaនិង Yen Bai ជាដើម។ បើទោះបីជាមានឧបសគ្គ ដូចជាភ្លៀងធ្លាក់ ចុះត្រជាក់ ឬ ផ្លូវពិបាកយ៉ាងណាក៏អ្នកទាំងពីរនៅតែទៅដល់កំពូលភ្នំដើម្បីថតរូបជាមួយគ្នា។ នៅខែធ្នូ ឆ្នាំ ២០២២ បេសកកម្មថតរូបចំនួន ១២ ភ្នំ របស់អ្នកទាំងពីរក៏បានសម្រេច ក្រោយចំណាយពេលជិត ២ ឆ្នាំ។
ហើយនៅខែមករា ឆ្នាំ ២០២៣ អ្នកទាំងពីរក៏បានចូលរោងការ ដោយបង្ហើបថានឹងមានគម្រោងបន្ដដំណើរផ្សងព្រេងឡើងភ្នំជាមួយគ្នាទៀត ដោយពួកគេអាចនឹងធ្វើការផ្សងព្រេងឡើងភ្នំក្រៅប្រទេសផងដែរ៕