ម៉ាំមីអាយុប្រមាណ ៦០០ ឆ្នាំ ត្រូវប៉ូលិសរកឃើញនៅក្នុងឡាំងដាក់ម្ហូបរបស់បុរសម្នាក់ ដែលអះអាងថាទុកដូចមិត្តស្រី
នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នេះ សារព័ត៌មាន Science Alert បានចុះផ្សាយថា ប៉ូលិសនៅប្រទេសប៉េរូ បានរឹបអូសយកសាកសពម៉ាំមីមួយ ដែលមានអាយុចន្លោះពី ៦០០ ទៅ ៨០០ ឆ្នាំ ពីអ្នកដឹកជញ្ជូនអាហារម្នាក់ ដែលបានអះអាងថាខ្លួនបានទុកសាកសពនោះជាមិត្តស្រីរបស់ខ្លួន ហើយមានវានៅផ្ទះអស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយ។
បុរសម្នាក់ឈ្មោះ Julio Cesar Bermejo មានអាយុ ២៦ ឆ្នាំ ត្រូវបានឃុំខ្លួន ក្រោយពីប៉ូលិសបានរកឃើញសាកសពម៉ាំមីមួយនៅក្នុងឡាំងរក្សាសីតុណ្ហភាពរបស់លោក។ បន្ទាប់ពីឃាត់ខ្លួន Bermejo បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ៖ «សាកសពម៉ាំមីដែលខ្ញុំហៅថា Juanita គឺដូចជាមិត្តស្រីរបស់ខ្ញុំអ៊ីចឹង ដោយខ្ញុំបានទុកនាងនៅក្នុងបន្ទប់ខ្ញុំ ដេកជាមួយខ្ញុំ ហើយខ្ញុំមើលថែនាង»។ លើសពីនេះទៅទៀត Bermejo បាននិយាយទៀតថា ៖ «ឪពុករបស់ខ្ញុំបានយកសាកសពម៉ាំមីនេះ មកផ្ទះតាំងពីជិត ៣០ ឆ្នាំមុនមកម្ល៉េះ»។
យ៉ាងណាមិញ ក្រសួងវប្បធម៌របស់ប្រទេសប៉េរូ បានលើកឡើងថា សាកសពម៉ាំមីនេះគឺជាបុរសពេញវ័យ ដែលត្រូវបានគេដឹងថាមកពីតំបន់ភាគខាងកើតនៃ Puno ដែលជាតំបន់មួយនៅ Peruvian Andes មានចម្ងាយប្រមាណ ១៣០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Lima ដោយអ្នកឯកទេសនៅក្រសួងបានបញ្ជាក់បន្ថែមថា ៖ «វាមិនមែនជា Juanita ទេ វាគឺជា Juan ហើយម៉ាំមីនេះគឺជាបុរស ដែលមានអាយុយ៉ាងហោចណាស់ ៤៥ ឆ្នាំ»។
គួរដឹងដែរថា ប៉ូលិសបានរកឃើញម៉ាំមីនៅក្នុងឡាំងរបស់ Bermejo កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ខណៈពេលដែលកំពុងដើរល្បាតក្នុងសួនមួយក្នុងទីក្រុង Puno ជាកន្លែងដែល Bermejo បានដើរលេងជាមួយមិត្តភក្តិ។ ពេលដែលប៉ូលិសបានឃើញ និង ចាប់លោក លោកបានបដិសេធថា ៖ «ខ្ញុំមិនបានព្យាយាមលក់ម៉ាំមីនោះទេ ខ្ញុំគ្រាន់តែដឹកវាទៅឱ្យមិត្តភក្តិខ្ញុំមើល ព្រោះពួកគេចង់ឃើញវា»។
ដោយឡែក ក្រោយពីមានដឹងរឿងនេះហើយ ក្រសួងវប្បធម៌របស់ប្រទេសប៉េរូ បានយកសាកសពម៉ាំមីនេះទៅរក្សាទុកក្នុងគោលបំណងការពារ និង អភិរក្សបេតិកភណ្ឌជាតិនេះ ព្រោះប្រទេសនេះសម្បូរទៅដោយទីតាំងបុរាណ និង វត្ថុបុរាណ ហើយគោលដៅទេសចរណ៍មានគេទៅទស្សនាច្រើនបំផុតក្នុងប្រទេសនេះគឺ ប្រាសាទ Inca នៃ Machu Picchu ដែលសាងសង់ឡើងក្នុងសតវត្សរ៍ទី ១៥ ៕
ប្រភព ៖ Science Alert