រៀបការមិនទាន់បាន ១ ថ្ងៃផង កូនប្រសាស្រីធ្វើឱ្យម្ដាយក្មេកខឹងបះដៃបះជើង រហូតទារឱ្យសងថ្លៃបណ្ដាការវិញ
រឿងរ៉ាវរំជួលបណ្ដាញសង្គមមួយនៅប្រទេសចិន ហាក់កំពុងទាក់ទាញចំណាប់អារម្មណ៍មហាជនឱ្យធ្វើការជជែកវែកញែក បន្ទាប់ពីមានករណីម្ដាយក្មេកចិត្តក្ដៅ ចូលទះកំផ្លៀងកូនប្រសាស្រីថ្ងៃរៀបការ បន្ទាប់ពីបានរកឃើញស្នាមនៅលើពោះរបស់នាង។
ហេតុការណ៍មួយនេះបានកើតឡើងនៅទីក្រុង Luoyang ខេត្ត Henan ប្រទេសចិន ដោយពិធីរៀបការរបស់កូនកំលោះក្រមុំថ្មីថ្មោងមួយគូបានប្រព្រឹត្តទៅយ៉ាងរលូនរហូតដល់ចប់។ យ៉ាងណាមិញ ថ្ងៃល្អបែរក្លាយជាថ្ងៃមានរឿងរ៉ាវទាស់ទែង នៅពេលដែលកូនកំលោះក្រមុំចូលបន្ទបផ្លាស់សម្លៀកបំពាក់រៀបងូតទឹក ស្រាប់តែកូនកំលោះបានឃើញស្នាមយ៉ាងវែងនៅលើពោះកូនក្រមុំ ដោយវាស្រដៀងនឹងស្នាមវះកាត់។
ក្រោយឃើញស្នាមនេះកូនកំលោះបានព្យាយាមសួរកូនក្រមុំថា តើវាជាស្នាមអ្វី? ប៉ុន្ដែកូនក្រមុំរូបនោះបានឆ្លើយបង្វែរចម្លើយផ្សេងរហូត មិនឆ្លើយចំសំណួរកូនកំលោះនោះឡើយ ដែលជាហេតុធ្វើឱ្យកូនកំលោះទ្រាំមិនបានរត់ទៅប្រាប់ម្ដាយ។
គ្រាន់តែដឹងរឿង ម្ដាយកូនកំលោះបានចូលមកសួរស្រែកខ្លាំងៗដាក់កូនក្រមុំ តែនាងមិនបានឆ្លើយអ្វីសូម្បីមួយម៉ាត់ ធ្វើឱ្យម្ដាយក្មេកចិត្តក្ដៅខឹងជាខ្លាំងចូលទះកំផ្លៀងនាងមួយដៃ ហើយស្រែកថា ៖ «យើងមិនដឹងសោះថានាងលាក់បាំងរឿងនេះ ឥលូវសងថ្លៃបណ្ណាការ ២០ ម៉ឺនយ័ន (ប្រមាណ ២៨០០ ដុល្លារ) យើងមកវិញ»។
ក្រោយត្រូវម្ដាយក្មេកស្រែក និង ទះកំផ្លៀងកូនក្រមុំរូបនោះ ក៏នៅតែមិនឆ្លើយតបអ្វីបានត្រឹមខ្ទប់មុខស្ងៀមស្ងាត់។ តាមការបង្ហើបប្រាប់ពីកូនកំលោះបានឱ្យដឹងថា ៖ «អ្នកទាំងពីរបានស្គាល់គ្នានៅកន្លែងធ្វើការ ហើយក្រោយទាក់ទងគ្នាជាងកន្លះឆ្នាំក៏សម្រេចចិត្តរៀបការ ព្រោះតែអាយុអ្នកទាំងពីរច្រើន។ លោកបានដឹងថានាងធ្លាប់មានសង្សារពីមុន តែលោក និង នាងមិនដែលនិយាយដល់រឿងមានកូននោះទេ។ លុះពេលឃើញស្នាមនេះ លោកមានអារម្មណ៍ខកចិត្តជាខ្លាំង ព្រោះតែលោកគិតថាត្រូវបានគេបោកប្រាស់ ហើយលោកកាន់តែខឹងពេលសួរនាង នាងបែរជាមិនតបអ្វីទាំងអស់»៕