អស់ស្ទះ! មួយជាតិការម្ដង ហៅភ្ញៀវ ១៥០០ នាក់ ញុំាសុទ្ធតែក្ដាមអាឡាស្កា និងឱ្យកាដូម៉ូតូទៀត
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមវៀតណាម ក្រោយកូនកំលោះក្រមុំថ្មីថ្មោងមួយគូ រៀបចំពិធីរៀបការបែបអភិជន ដែលធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ មានយកក្ដាមអាឡាស្កាតម្លៃថ្លៃមកធ្វើម្ហូបទទួលភ្ញៀវ ហើយថែមទាំងមានរង្វាន់ផ្សងសំណាងឱ្យភ្ញៀវចូលរួមថែមទៀត។
ពិធីមង្គលការមួយនេះត្រូវបានធ្វើឡើងនៅខេត្ត Binh Duong ប្រទេសវៀតណាម ដោយកូនកំលោះក្រមុំត្រូវបានលាក់អត្តសញ្ញាណមិនបានបញ្ចេញ តែមហាជន និងភ្ញៀវដែលបានចូលរួមមួយចំនួនបានបង្ហើបឱ្យដឹងថា៖ «ពិធីមង្គលការនេះគឺចំណាយអស់ជាច្រើនពាន់លានដុង ដោយមុខម្ហូបទទួលភ្ញៀវគឺប្រើសុទ្ធតែវត្ថុធាតុដើមថ្លៃៗ ហើយចំពោះការតុបតែងក៏រៀបចំបានស្អាត ធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ មានការអញ្ជើញភ្ញៀវចូលរួមប្រមាណ ១៥០០ នាក់ ហើយតុទទួលភ្ញៀវនីមួយៗមានបុគ្គលិកឈរចាំបម្រើម្នាក់ មិនត្រឹមតែប៉ុណ្ណឹងមានការផ្សងសំណាងដោយមានរង្វាន់ជាម៉ូតូ ដុំមាស និងរង្វាន់ផ្សេងៗ»។
គេបានរកឃើញថា កូនកំលោះក្រមុំទាំងពីរសុទ្ធសឹងតែមកពីត្រកូលអភិជន ហើយគ្រួសារទាំងពីរបានចែកការចំណាយម្នាក់ ៥០ ភាគរយ បន្ថែមពីនេះកូនកំលោះក្រមុំផ្ទាល់ក៏បានកាដូមានតម្លៃពីអ្នកមានគុណទាំងសងខាងដូចជា ដើមឈើបន្ដោងមាសចំនួន ២៣០ ដុំ, ផ្ទះចំនួន ២ ខ្នង ព្រមទាំងរថយន្ដ BMW មួយគ្រឿងថែមទៀត៕