ចែកគ្នាដឹង! នេះគឺជាឯកសារចាំបាច់សម្រាប់ស្នើសុំបន្ថែម ឬ លុប សមាជិកគ្រួសារក្នុងសៀវភៅស្នាក់នៅ
នាពេលថ្មីៗនេះ ឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិត សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្ហោះសារជូនជាព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានដឹងថា ដើម្បីបន្ថែមសមាជិកក្នុងសៀវភៅស្នាក់នៅ មេគ្រួសារ ឬអ្នកតំណាង ត្រូវស្នើសុំបន្ថែមសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និង ភ្ជាប់ឯកសារណាមួយមានដូចជា៖
• សម្រាប់កូនទើបកើតត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត
• ក្នុងករណីអ្នកទើបរៀបអាពាហ៍ពិពាហ៍ហើយថ្មីៗ ត្រូវភ្ជាប់ជាមួយសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬ សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
• ករណីផ្លាស់ចូលនៅត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន
• ករណីចេញពីពន្ធនាគារត្រូវមានសាលក្រមដោះលែងពីតុលាការ និង ដីកាដោះលែងពីពន្ធនាគារ
• ហើយសម្រាប់សមាជិកគ្រួសារខ្មែរ ដែលវិលត្រឡប់មកពីក្រៅប្រទេស ត្រូវមានលិខិតបញ្ជាក់អំពីការធានាអះអាងពីមេគ្រួសារ ឬសាក្សី។
ដោយឡែក សម្រាប់ការលុបឈ្មោះសមាជិកណាម្នាក់ចេញពីសៀវភៅស្នាក់នៅ មេគ្រួសារ ឬអ្នកតំណាងត្រូវស្នើសុំលុបឈ្មោះសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និង ភ្ជាប់ឯកសារណាមួយមានដូចខាងក្រោម៖
• ករណីលុបឈ្មោះអ្នកស្លាប់ ត្រូវមានសេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព
• ករណីផ្លាស់ចេញត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន
• ករណីជាប់ពន្ធនាគារ ត្រូវមានសាលក្រមផ្តន្ទាទោស
• ករណីផ្តាច់សមគ្គសង្វាស ត្រូវមានសាលក្រមលែងលះ
• ករណីកូន ដែលត្រូវឪពុកម្តាយកាត់កាល ត្រូវមានសាលក្រមកាត់កាល
• សម្រាប់ករណីពលរដ្ឋខ្មែរលះបង់សញ្ជាតិ ត្រូវមានព្រះរាជក្រឹត្យលះបង់សញ្ជាតិខ្មែរ។
យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែម អាច Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងទៅលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ ដែលមានមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និង ដោះស្រាយបញ្ហាជូន៕