ត្រូវគេបង្ខំឱ្យដឹកភ្ញៀវទេសចរអស់ ២៥ ឆ្នាំ ចុងក្រោយទ្រុឌឆ្អឹងខ្នងខូចមួយជីវិត គួរឱ្យអាណិត
ដូចប្រិយមិត្តធ្លាប់ដឹងរួចមកហើយ ដំណើរកម្សាន្តលើខ្នងដំរី គឺជាទេសចរណ៍ដ៏ទាក់ទាញបំផុតមួយក្នុងប្រទេសថៃ ប៉ុន្តែសកម្មភាពទេសចរណ៍មួយនេះ គឺកំពុងមានការប្រឆាំង និង ស្នើឱ្យបញ្ឈប់តទៅទៀតពីសំណាក់សកម្មជនអ្នកស្រឡាញ់សត្វ ដោយមើលឃើញថាសកម្មភាពទាំងនោះ គឺព្រៃផ្សៃ និង ធ្វើឱ្យសត្វដំរីមានរបួស។
ថ្មីៗនេះ មូលនិធិ Wildlife Friends Foundation of Thailand (WFFT) បានទម្លាយរូបភាពដ៏គួរឱ្យអាសូរប៉ុន្មានសន្លឹកនៃសត្វដំរីមួយក្បាលឈ្មោះ Pai Lin ដែលជាដំរីពួកគេសង្គ្រោះបាន និង កំពុងរស់នៅក្នុងដែនជម្រករបស់ពួកគេ។
ដូចដែលបានឃើញក្នុងរូបភាព ឆ្អឹងខ្នងរបស់ដំរី Pai Lin ត្រូវបានខូចទ្រង់ទ្រាយអស់ ក្រោយវាចំណាយពេលដឹកភ្ញៀវទេសចរអស់រយៈពេល ២៥ ឆ្នាំ។ លោក Tom Taylor ប្រធានគម្រោងនៅមូលនិធិ WFFT បានបញ្ជាក់ដែរថា ៖ «បើទោះបីជាដំរី មើលទៅមានមាឌឌាំងធំ និង មាំមួន ប៉ុន្តែខ្នងរបស់ពួកគេ ធម្មជាតិបង្កើតឡើងមកមិនមែនសម្រាប់ទ្រទម្ងន់នោះទេ ហើយការទ្រទម្ងន់លើសកម្រិត នឹងបណ្ដាលឱ្យឆ្អឹងខ្នងរបស់ពួកគេរងរបួស និង ខូចធ្ងន់ធ្ងររហូតព្យាបាលលែងបាន»។
ជាមួយគ្នានេះដែរ ខាងមូលនិធិ ក៏សង្ឃឹមថា មនុស្សគ្រប់គ្នានឹងចាប់អារម្មណ៍លើផលប៉ះពាល់ដល់សត្វដំរី ពីការដឹកភ្ញៀវទេសចរនេះ ដើម្បីកុំឱ្យដំរីដទៃទៀត ជួបបញ្ហាដូច Pai Lin ដែរ៕