ចាយលុយជិត ៦ ម៉ឺនដុល្លារ ប្ដូររបងផ្ទះថ្មី ព្រោះមានជំនឿថា អាចនឹងឆាប់បានរៀបការ
ក្រុមគ្រួសារមួយនៅខេត្ត Yannan ប្រទេសចិន បានចំណាយប្រាក់ជិត ៦ ម៉ឺនដុល្លារ ដើម្បីកែប្រែរបងផ្ទះតាមហុងស៊ុយ ក្នុងក្ដីសង្ឃឹមថា កូនប្រុសវ័យ ២៥ ឆ្នាំរបស់ពួកគេ អាចមានសំណាងបានរៀបការឆាប់ៗ។
តាមការចេញផ្សាយរបស់សារព័ត៌មាន SCMP កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ បានឱ្យដឹងថា មានគ្រួសារមួយនៅក្រុង Dali ខេត្ត Yunnan ប្រទេសចិន បានចំណាយប្រាក់ ៤០០ ០០០ យ័ន (៥៨ ៦០០ ដុល្លារ) ដើម្បីធ្វើការផ្លាស់ប្ដូររបងផ្ទះរបស់ពួកគេ ទៅរកទិសល្អតាមដែលគ្រូហុងស៊ុយណែនាំ។ គ្រួសារដដែលនោះ ជឿថា ធ្វើរបងតាមហុងស៊ុយនេះ អាចជួយឱ្យកូនប្រុសរបស់ពួកគេ អាចរកឃើញដៃគូរៀបការក្នុងពេលឆាប់ៗ។
បើតាមសម្ដីរបស់បុរសជាកូន បានលើកឡើងថា ឪពុករបស់លោក គឺជាអ្នកជំនួញផ្នែកសំណង់ ហើយគាត់តែងតែទៅរកគ្រូហុងស៊ុយ ដើម្បីគុនគូរមើលថ្ងៃល្អថ្ងៃអាក្រក់ជានិច្ច។ ជាមួយគ្នានោះ ដោយឪពុកម្ដាយរបស់លោក ចង់ឱ្យលោកឆាប់ដល់គូបានរៀបការឆាប់ៗ ទើបពួកគាត់ទៅរកគ្រូហុងស៊ុយ ហើយក៏គ្រូប្រាប់ឱ្យធ្វើការផ្លាស់ប្ដូរទិសរបងផ្ទះនេះ៕