សម្ដេច ហ៊ុន សែន សម្រេចផ្តល់ក្របខណ្ឌរដ្ឋសម្រាប់បុគ្គលិក VOD ណាដែលមានបំណងចង់ចូលបម្រើកិច្ចការរដ្ឋ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា ៖ «ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និង គ្មានឱកាសបើកឡើងវិញ។ ដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ ខ្ញុំសម្រេចផ្តល់ក្របខណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ»។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន ទទក នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ។
តាមប្រភព សម្ដេចបានបញ្ជាក់ឱ្យដឹងទៀតថា ៖ «រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និង បែងចែកទៅតាមក្រសួងនានា ស្របតាមមុខជំនាញ និង ត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើង ហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឱ្យយើងធ្វើនេះ ឬ ធ្វើនោះតាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង»។
សម្ដេចបន្តថា ៖ «ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៌មួយ វាមិនធ្វើឱ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និង ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង»៕