ចេញហើយ! កំណត់ត្រាពិភពលោកត្រៀមបំបែកក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺប្រកួតរាំម៉ាឌីហ្សុន និង បត់បេះដូងក្រដាស ១ លានបេះដូង
ក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ឆ្នាំ ២០២៣ នេះមានប្រារព្ធធ្វើព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ថ្មីៗនេះខាងគណៈកម្មការរៀបចំអង្គរសង្រ្កាន្តក៏បានបង្ហើបថា អង្គរសង្រ្កាន្តឆ្នាំ ២០២៣ នេះនឹងមានបំបែកកំណត់ត្រាពិភពលោកចំនួន ២ បន្ថែមពីលើកំណត់ត្រាមុនៗ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានធ្វើការបង្ហោះសារបង្ហាញថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ ២០២៣ នេះ នឹងមានការប្រកួតរាំម៉ាឌីហ្សុនបំបែកឯតទគ្គកម្មពិភពលោក និង Beyond The Games បត់បេះដូងក្រដាសបំបែកឯតទគ្គកម្មពិភពលោក។
ក្នុងកិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបញ្រ្ជាបការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ហើយលោកស្រី ម៉ននី រង្សី ក៏បានមានប្រសាសន៍ថា ៖ «ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្រោមប្រធានបទ ក្ដីស្រមៃ និង ក្ដីសង្ឃឹម នឹងមានការប្រកួតរាំម៉ាឌីហ្សុនបំបែកឯតទគ្គកម្មពិភពលោក និង Beyond The Games ឬ បត់បេះដូងក្រដាស បំបែកឯតទគ្គកម្មពិភពលោក ១ លានបេះដូង (បេះដូងលោតក្នុងចង្វាក់តែមួយ) ដើម្បីអបរអរបុណ្យចូលឆ្នាំថ្មី ជាមួយមហាគ្រួសារខ្មែរតែមួយ និង លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ»។
មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏នឹងផ្ដល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី សាសនា និង ដើម្បីអបអរកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២។
ដោយឡែក ការបំបែបកឯតទគ្គកម្មពិភពលោកទាំងពីរនេះ នឹងផ្ដល់ជូនពាក្យសុំចុះឈ្មោះចូលរួម តាមរយៈក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលនឹងផ្សព្វផ្សាយតាមបណ្ដាសាលាគោលដៅ។ ចំណែកឯអង្គភាពឯកជន ដែលចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះអាចទំនាក់ទំនងទៅក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តដោយផ្ទាល់បាន៕
ប្រភព និង រូបភាពដោយ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត សៀមរាប