គូស្នេហ៍ស្រឡាញ់ភេទដូចគ្នានៅថៃរាប់រយគូ សម្រុកទៅចុះអេតាស៊ីវិលចំថ្ងៃនៃក្តីស្រឡាញ់ មួយគូៗរីករាយខ្លាំង
ថ្ងៃទី ១៤ ខែកុម្ភៈ គឺជាថ្ងៃដែលពិសេស សម្រាប់ការបញ្ជាក់ក្តីស្រឡាញ់តាមរយៈកាយវិការ ឬ ទឹកចិត្តផ្សេងៗ ទៅកាន់មនុស្សជុំវិញខ្លួន មិនថាជាគ្រួសារ បងប្អូន មិត្តភក្តិ ឬ គូស្នេហ៍ ជាដើម។
យ៉ាងណាមិញ ជាមួយគ្នានេះក្នុងថ្ងៃនៃសេចក្តីស្រឡាញ់ នាឆ្នាំ ២០២៣ នេះដែរ ខាងអាជ្ញាធរថៃ រួមជាមួយស្ថាប័នឯកជន បានឱ្យកាដូទៅកាន់ប្រជាជនរបស់ខ្លួន តាមរយៈការបើកឱ្យចុះអេតាស៊ីវិល ជាពិសេសគូស្នេហ៍អ្នកស្រឡាញ់ភេទដូចគ្នាតែម្តង។
ការបើកឱ្យចុះនេះដែរ ត្រូវបានឱ្យដឹងថា ដើម្បីសម្តែងដល់ការមានសិទ្ធិស្មើគ្នារបស់មនុស្សគ្រប់ភេទដែលរស់នៅក្នុងសង្គម ហើយក៏ដូចជាការជំរុញឱ្យប្រជាជនផ្តល់ភាពសំខាន់ទៅលើការចុះអេតាស៊ីវិល ក្នុងការកសាងគ្រួសារដោយមានភាពកក់ក្តៅ និង សុភមង្គល។
ដោយឡែក អាជ្ញាធរថៃ បានឱ្យដឹងថា ពិធីចុះអេតាស៊ីវិលក្នុងថ្ងៃនេះ ពិតជាទទួលបានការគាំទ្រអរគុណពីក្រុមអ្នកស្រឡាញ់ភេទដូចគ្នាច្រើនណាស់ ដោយមានគូស្នេហ៍រហូតដល់ទៅ ១២៤ គូ ដែលបានចុះឈ្មោះតាមរយៈអនឡាញ ព្រមទាំងមានច្រើនជាង ១០ គូ បានដឹកដៃគ្នាយ៉ាងផ្អែមល្ហែមមកចុះ ដល់កន្លែងផងដែរ។ យ៉ាងណាមិញ បើទោះជាអេតាស៊ីវិលនេះ មិនទាន់ស្របច្បាប់ពេញលេញយ៉ាងណាក៏ដោយ តែវាគឺជាសាក្សីមួយដែលអាចឱ្យគូស្នេហ៍ភេទដូចគ្នា អាចចាប់ផ្តើមកសាងគ្រួសារជាមួយគ្នា ដោយភាពកក់ក្តៅ និង សុខភមង្គល៕