ហត់នឿយផង របួសជើងផង តែសុនខនៅតួកគី នៅតែខំប្រឹងទាំងជើងឈឺរុករកជនរងគ្រោះក្នុងគំនរអគារ
ថ្មីៗនេះ សត្វសុនខសង្គ្រោះមួយក្បាលឈ្មោះថា Köpük កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពាសពេញបណ្ដាញសង្គមនានា ជុំវិញភាពប្រឹងប្រែងបំពេញបេសកកម្មរបស់វា។
Köpük គឺជាសុនខសង្គ្រោះមួយក្បាល ក្នុងចំណោមសុនខដែលត្រូវបានបញ្ជូនចុះបេសកកម្មរុករកជនរងគ្រោះដែលកំពុងជាប់ក្រោមគំនរអគារ ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនោះ។
អ្វីដែលធ្វើឱ្យមហាជនស្ទើរពាសពេញពិភពលោកចាប់អារម្មណ៍ និង សរសើរខ្លាំងពីសុនខមួយក្បាលនេះគឺ អំឡុងពេលចុះបេសកកម្មរុករក Köpük គឺបានរងរបួសជើងជាច្រើនកន្លែង រហូតត្រូវរុំបង់ពាសពេញ។ ទោះជាយ៉ាងណា សត្វសុនខដ៏ឆ្លាតវៃមួយក្បាលនេះ នៅតែមិនចោលការងាររបស់ខ្លួន នៅតែបន្តចុះបេសកកម្មតាមតួនាទីរបស់វាដដែល។
ភាពប្រឹងប្រែងតស៊ូរបស់សុនខមួយក្បាលនេះ បានឆក់យកក្ដីស្រឡាញ់ ស្ញប់ស្ញែងពីមនុស្សជាច្រើនពាសពេញពិភពលោក៕