កាន់រូបថតប្អូនប្រុសបង្ហោះសារទាំងរំជួលថា មានគេយករូបបង្កើតហ្វេសប៊ុកក្លែងក្លាយបោកលុយគេជាង ១៦ ម៉ឺនដុល្លារ ពេលនេះជាប់ឃុំ
សាររៀបរាប់ដ៏រំជួលចិត្តរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Seyha Tom បានបង្ហោះឡើងនៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២៣ ស្របទិវាក្រីស្រឡាញ់ថា រៀងរាល់ឆ្នាំក្រុមគ្រួសារធ្លាប់តែជួបជុំគ្នា ប៉ុន្ដែឆ្នាំនេះ មិនអាចជួបបងប្អូនបាន ព្រោះប្អូនប្រុសជាទីស្រឡាញ់ត្រូវគេយករូបថតទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ហើយទៅបោកលុយអាណិកជនអាមេរិកអស់ជាង ១៦ ម៉ឺនដុល្លារ។
គណនីហ្វេសប៊ុកឈ្មោះ Seyha Tom ដែលគេស្គាល់ជាបងស្រីរបស់ជនសង្ស័យ បានរៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើងលើប្អូនប្រុសរបស់ខ្លួនថា ប្អូនជាមនុស្សស្លូតបូត ស្មោះត្រង់ ប៉ុន្ដែត្រូវបានជនអនាមិកយករូបទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយបោកលុយគេ ហើយត្រូវតុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួនបណ្ដោះអាសន្នរយៈពេលជាង ៣ ខែមកហើយ។
ប្រភពខាងលើបានបញ្ជាក់ដំណើរដើមទងនៃរឿងរ៉ាវថា ៖ «ប្អូនត្រូវជាប់ចំណងដោយសារតែជនអនាមិក បានប្រើប្រាស់រូបភាពរបស់ប្អូនទៅបង្កើតអាខោន Facebook ថ្មី ក្លែងក្លាយ ឈ្មោះថ្មី ដើម្បីទៅឆបោកនារីខ្មែរអាណិកជនរស់នៅអាមេរិក ទឹកប្រាក់ចំនួនជាង $160 000 (ជាងដប់ប្រាំមួយម៉ឺនដុល្លារអាមេរិក) ក្នុងកំឡុងពេលពីថ្ងៃទី ២៣ សីហា ២០២២ ដល់ថ្ងៃទី ៣០ កញ្ញា ២០២២ (រយៈពេល ១ ខែជាង)។ ហើយប្អូនត្រូវបានតុលាការខេត្តបាត់ដំបងឃាត់ខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តបាត់ដំបង ដើម្បីស៊ើបសួររយៈពេលជាង ៣ ខែមកហើយ ចាប់ពីថ្ងៃទី ១៦ តុលា ២០២២ មកម្ល៉េះ»៕