ទឹកចិត្តល្អណាស់! ស្ដេចចុងភៅ Salt Bae ចម្អិនម្ហូប ៥ ពាន់ចានក្នុងមួយថ្ងៃ ជូនអ្នករងគ្រោះនៅតួកគី
កំពូលចុងភៅដ៏ល្បី Salt Bae បានធ្វើឱ្យមហាជនជាច្រើនស្ញប់ស្ញែងខ្លាំង ក្រោយរូបលោកបានបង្កើតបេសកកម្មមួយ បញ្ជូនឡានធ្វើម្ហូបក្ដៅៗជូនដល់ពលរដ្ឋរងគ្រោះដោយរញ្ជួយដីនៅប្រទេសតួកគី។
លោក Nusret Gökçe ដែលគេស្គាល់ច្បាស់ឈ្មោះក្រៅថា Salt Bae នោះ ថ្មីៗនេះ បានធ្វើការចែករំលែកវីដេអូមួយទៅកាន់អ្នកគាំទ្ររបស់លោកថា លោកបានជួយផ្គត់ផ្គង់ដល់ជនរងគ្រោះដោយរញ្ជួយដីនៅតួកគី ក្នុងចំណែកជាម្ហូបអាហារ។
តាមរយៈវីដេអូលើ Instagram បានបង្ហាញឱ្យឃើញឡានអាហារមួយចំនួន ដែលចុងភៅកំពុងចម្អិនអាហារនៅក្នុងនោះ។ អមនឹងវីដេអូនោះដែរ Salt Bae បានបញ្ជាក់ប្រាប់ទៅអ្នកគាំទ្រលោកដែរថា លោកបានផ្ដល់អាហារក្ដៅៗជូនពលរដ្ឋរងគ្រោះក្នុងប្រទេសជាតិរបស់លោក។ លោកបានបន្ថែមទៀតថា លោក និង ក្រុមការងាររបស់លោក មានបំណងផ្ដល់ម្ហូបដល់ពលរដ្ឋ ៥ ពាន់ នាក់ក្នុងមួយថ្ងៃ៕