ពេលចូលទៅបន្ទប់កូន ម៉ាក់ក្រអូបក្លិនកូនកាលមិនទាន់លាចាកលោក ទឹកភ្នែកម៉ាក់ក៏ហូររាប់រយលានតំណក់មិនដឹងខ្លួន
កាលពីថ្ងៃទី ១២ ខែកុម្ភៈ កន្លងទៅនេះ មានករណីធ្វើអត្តឃាត នៅចំណុចភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជនរងគ្រោះជាយុវជនអាយុ ១៧ ឆ្នាំ បានសម្រេចចិត្តចង-កនឹងខ្សែក្រវ៉ាត់បញ្ចប់ជីវិត ចាកចោលម្តាយ និង គ្រួសារបងប្អូនជាទីស្រឡាញ់ បន្សល់នូវអនុស្សាវរីយ៍ និង ក្ដីសោកស្ដាយ។
តាមរយៈករណីខាងលើនេះដែរ នៅមុនថ្ងៃកើតហេតុ ២ ថ្ងៃ ពោលគឺនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ បើផ្អែកលើគណនីយុវជនដែលបញ្ចប់ជីវិត រូបគេបានស៊ែរវីដេអូបែបក្រៀមក្រំ ព្រមទាំងបង្ហោះសារមួយប្លែកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយសរសេរបែបនេះថា ៖ «បើគ្មានសមត្ថភាពជាប់បាក់ឌុប ២០២៤ I’ll suicide!!»។
យ៉ាងណាមិញ ងាកទៅគណនីឈ្មោះ Oun Ry ដែលស្គាល់ជាម្តាយជនរងគ្រោះវិញ ក្រោយបាត់បង់កូនប្រុសជាទីស្រឡាញ់ ក៏មានការបង្ហោះសារសោកសង្រេង និង រំជួលចិត្តជាច្រើនយ៉ាងច្រើន ដែលធ្វើឱ្យមហាជនឃើញហើយទប់ទឹកភ្នែកសឹងមិនបាន។ ក្នុងនោះ ម្តាយរូបនេះបានបង្ហោះរៀបរាប់ថា ៖ «ម៉ាក់មិនដែលសម្តីធ្ងន់ដាក់កូនសូម្បីមួយម៉ាត់! កុំថាឡើយបន្ទោសកូននោះ កូនសម្លាញ់ម៉ាក់ មូលហេតុនេះវាមិនសមឱ្យកូនម៉ាក់ត្រូវប្តូរជីវិតទេកូនអើយ។ កូនឆ្លាត ពូកែ សង្ហា ស្លូតបូត ចេះគោរពចាស់ទម្យ ចេះស្រឡាញ់ម៉ាក់ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើសម្រាប់ម៉ាក់ ម៉ាក់មិនដែលចង់បានអីពីកូនឡើយ Stewie Roo»។
លើសពីនោះ សារមួយទៀតអមនឹងរូបភាពឱបសពកូនអ្នកម្តាយក៏បានបន្ថែមថា ៖ «ពេលចូលទៅបន្ទប់កូន ម៉ាក់ក្រអូបក្លិនកូនម៉ាក់កាលមិនទាន់លាចាកលោកនេះ ធ្វើឱ្យទឹកភ្នែកម៉ាក់ហូរមករាប់រយលានតំណក់ ដោយមិនដឹងខ្លួន (ខ្ញុំធ្វើចិត្តមិនទាន់បានទេ) #មិនថាជាតិនេះ ឬ ជាតិណា សូមមកកើតជាកូនម៉ាក់ទៀតណាកូនណា! ខ្ញុំមិនដែលធ្វើអាក្រក់ដាក់អ្នកណាទេ ហេតុអីឱ្យកូនខ្ញុំជួបរឿងបែបនេះ»៕