ចេញហើយមេដាយសម្រាប់ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស្អាតប្រណីត មានអត្ថន័យ
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឬហៅថា កីឡាស៊ីហ្គេមសម្រាប់ឆ្នាំ ២០២៣ នេះ នឹងចាប់ផ្ដើមប្រព្រឹត្តទៅពីថ្ងៃទី ៥ ដល់ ១៧ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ ដោយប្រទេសកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកដំបូង។
ខណៈកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នេះ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ទំព័រហ្វេសប៊ុកផេក សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញគំរូដ៏ល្អឯកនៃមេដាយស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំនេះ ដែលបានរចនាឡើងរួមមាន រូបភាពវិមានឯករាជ្យ តំណាងឱ្យឯករាជ្យជាតិ សន្តិភាព, រូបភាពវិមានឈ្នះៗ តំណាងឱ្យនយោបាយឈ្នះៗ, រូបភាពផ្ការំដួល ៧ ទង តំណាងឱ្យ ៧ មករា និង មានរចនាបថពិសេសៗជាច្រើនទៀត។
តាមប្រភពពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ពីមន្រ្តីជំនាញបានឱ្យដឹងថា ៖ «ការផលិតមេដាយស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំនេះ មានភាពអស្ចារ្យជាងមេដាយមុនៗ អរគុណសន្តិភាព»។
ជាមួយគ្នានោះ បើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គសេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ តាមរយៈគេហទំព័រ BTV បានឱ្យដឹងថា ៖ «មេដាយទាំងអស់នេះ ផលិតនៅប្រទេសសិង្ហបុរី ដែលមានលក្ខណៈប្រណីតបំផុត និង មានធាតុផ្សំពិសេសៗជាច្រើន ហើយតាមគ្រោងទុក ការផលិតមេដាយក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ គឺសរុបប្រមាណជា ៦ ពាន់មេដាយសម្រាប់កីឡាករ និង ការផលិតមេដាយជាច្រើនទៀត ទុកជាអនុស្សាវរីយ៍ ផ្តល់ជូនគណៈប្រតិភូ ម្ចាស់ឧបត្ថម្ភ និង ភ្ញៀវជាដើម»។
លើសពីនេះ ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នេះ នឹងមានការប្រកួតកីឡាចំនួន ៣៨ ប្រភេទឯណោះ ដែលក្នុងនោះរួមមាន ប៉េតង់ តេក្វាន់ដូ គុនល្បុក្កតោ ប្រដាល់គុនខ្មែរ បាល់ទាត់ និង កាយវប្បកម្មជាដើម៕