ក្រូអាត ដាក់លក់ដីលើកោះរាងបេះដូង ចំថ្ងៃបុណ្យនៃក្ដីស្រឡាញ់ អ្នកចាប់អារម្មណ៍អាចទិញទុកជាកាដូបាន
នៅថ្ងៃនៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំនេះ គេសង្កេតឃើញមានមនុស្សម្នាជាច្រើនបានចូលរួមអបអរសាទរ ហើយបង្ហាញក្ដីស្រឡាញ់ខ្លួនទៅកាន់មនុស្សជិតដិត មិនថាជាសាច់ញាតិ បងប្អូន អ្នកមានគុណ ឬ គូស្នេហ៍នោះឡើយ។
អ្វីដែលកាន់តែពិសេសសម្រាប់ថ្ងៃនៃក្ដីស្រឡាញ់ឆ្នាំនេះនោះ គឺកោះរូបបេះដូងដែលជាកោះល្បីឈ្មោះមួយរបស់ប្រទេសក្រូអាត បានប្រកាសដាក់លក់ដីមួយផ្នែកជាលើកដំបូង។ កោះដែលមានឈ្មោះថា Galesnjak ជាកោះដែលល្បីឈ្មោះ ព្រោះតែរូបរាងនៃកោះនេះដូចទៅនឹងរូបបេះដូង ហើយបើទោះបីជានៅលើកោះនោះគ្មានការអភិវឌ្ឍន៍ មិនមានសណ្ឋាគារ ផ្ទះវីឡា ឬ ភោជនីយដ្ឋានក្ដី តែវានៅតែអាចទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យជិះទូកកម្សាន្ដជុំវិញទីធ្លាកោះ ឬ ទៅលេងនៅទីនោះ ជាពិសេសអំឡុងពេលរដូវក្ដៅ។
មិនត្រឹមតែប៉ុណ្ណឹងតារាល្បីៗលំដាប់ពិភពលោកជាច្រើនក៏បានចាប់អារម្មណ៍លើកោះនេះ ហើយមករៀបចំពិធីផ្សេងៗដូចជាតារាចម្រៀងនាង Beyonce ធ្លាប់រៀបចំពិធីឆ្លងខួបកំណើតវ័យ ៣៩ ឆ្នាំរបស់នាងនៅទីនោះជាច្រើនថ្ងៃ។ Michael Jordan តែងមកទស្សនាកោះនេះយ៉ាងតិចម្ដងក្នុងមួយឆ្នាំ ហើយ Jeff Bezos ក៏តែងមកកម្សាន្ដនៅទីនេះជាប្រចាំដែរ។
យ៉ាងណាមិញ នៅថ្ងៃទី ១៤ កុម្ភៈ ២០២៣ ផ្ទៃកោះប្រមាណជាង ៤០ ០០០ ម៉ែត្រការ៉េ ក្នុងផ្ទៃដីសរុប ១៤២ ០០០ ម៉ែត្រការ៉េ ត្រូវបានដាក់លក់ក្នុងតម្លៃ ១៣ លានអឺរ៉ូ (ប្រមាណ ១៣ លាន ៩ សែនដុល្លារ)៕
ប្រភព៖ Reuters