ត្រីបាឡែន ៧ ក្បាល ប្រទះឃើញងា-.ប់យ៉ាងអាថ៌កំបាំងលើឆ្នេរនៃប្រទេសស៊ីប
រដ្ឋាភិបាលប្រទេសស៊ីប កំពុងដាក់ការស៊ើបអង្កេតលើករណីសត្វត្រីបាឡែនចំនួន ៧ ក្បាល ដែលបានប្រទះឃើញងាប់យ៉ាងអាថ៌កំបាំងនៅលើឆ្នេរនៅឈូងសមុទ្រភាគខាងជើងនៃប្រទេស។
តាមការបញ្ជាក់ពីខាងអាជ្ញាធរ បានឱ្យដឹងថា នេះគឺជាករណីងាប់សត្វត្រីបាឡែនយ៉ាងច្រើនបំផុត មិនធ្លាប់មានលើប្រទេសកោះមួយនេះ ដោយសត្វត្រីបាឡែនទាំង ៧ ក្បាលដែលបានងាប់នោះ គឺសុទ្ធតែជាត្រីបាឡែនប្រភេទ Cuvier’s beaked whales ដែលជាត្រីបាឡែនល្បីខាងមុជទឹកបានជ្រៅជាងថនិកសត្វដទៃ។
តាមរបាយការណ៍បានបញ្ជាក់ថា ត្រីបាឡែនទាំងនោះ ត្រូវបានប្រទះឃើញងាប់នៅលើឆ្នេរមួយចំនួនតាមឈូងសមុទ្រខាងជើង ចន្លោះក្រុង Polis និង Pachyammos។ ត្រីបាឡែនដំបូង ប្រទះឃើញងាប់នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។ ចំណែក ៦ ក្បាលទៀត ត្រូវបានប្រទះឃើញងាប់នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣។
ថ្លែងប្រាប់សារព័ត៌មាន Cyprus News Agency មន្ត្រីនាយកដ្ឋានជលផល និង ស្រាវជ្រាវមហាសាគរ បានឱ្យដឹងថា៖ «ខ្មោចនៃសត្វត្រីបាឡែនទាំងនោះ នឹងត្រូវធ្វើកោសល្យវិច័យ ដើម្បីស្វែងរកមូលហេតុបណ្ដាលឱ្យវាងាប់ច្រើនបែបនេះ។ ខាងអ្នកជំនាញ នឹងទាញយកសំណាក ដើម្បីទៅពិសោធលម្អិតបន្ត»៕