ជិតដល់ថ្ងៃបុណ្យក្តីស្រឡាញ់ គូស្នេហ៍នៅថៃសម្រុកដឹកដៃគ្នាទៅសុំពរពីលិង្គថ្មយក្ស សង្ឃឹមស្នេហ៍ស្អិតល្មួតពាន់ឆ្នាំ
ខណៈបុណ្យនៃសេចក្តីស្រឡាញ់កាន់តែខិតជិតមកដល់ មានមហាជនមួយចំនួនដែលមានជំនឿ ជាអ្នកមានគូក្តី អ្នកគ្មានគូក្តី តែងតែទៅផ្សងសុំពរពីកន្លែងស័ក្តិសិទ្ធិផ្សេងៗ ដើម្បីសុំឱ្យសមប្រកបក្នុងរឿងស្នេហា។
យ៉ាងណាមិញ ថ្មីៗនេះ កំពុងមានអ្នកស្រុកអ្នកភូមិ ក៏ដូចជាមហាជនមកពីកន្លែងផ្សេងៗជាច្រើន ហែហមទៅសុំពរសុំជ័យរឿងស្នេហាពីដុំថ្មដែលគេជឿថាជាសិវលិង្គមួយ នាខេត្តសុផាន់បុរី ប្រទេសថៃ។ សិវលិង្គមួយនេះត្រូវបានគេជឿថាជាសិល្បៈបែបខ្មែរ មានអាយុប្រហែល ១០០០ ឆ្នាំឯណោះ ព្រមទាំងមានកម្ពស់រហូតដល់ទៅ ៤ ម៉ែត្រ និង ទម្ងន់ ៤ តោន។
តាមជំនឿរបស់អ្នកស្រុក សិវលិង្គមួយនេះជាវត្ថុស័ក្តិសិទ្ធិគួរឱ្យគោរពរបស់ព្រះឥសូរ ដែលជាអទិទេពជាន់ខ្ពស់នៅក្នុងសាសនាព្រាហ្មណ៍ ហើយបើសិនជាមានអ្នកណា ទាំងអ្នកមានគូ និង អត់គូ មកសុំពរទាក់ទងនឹងរឿងស្នេហា នឹងទទួលបានសេចក្តីប្រកបសមប្រាថ្នាជួបគូព្រេង មានក្តីសុខ សុភមង្គលស្រឡាញ់គ្នាយឺនយូរដល់ ១០០០ ឆ្នាំ។ ចំណែកអ្នកមិនមានកូន ក៏អាចសមប្រកបដូចគ្នា និង អ្នកសុំរឿងការងារ ក៏ស័ក្តិសិទ្ធិផងដែរ។
ហេតុនេះហើយ ទើបខណៈជិតដល់ថ្ងៃនៃសេចក្តីស្រឡាញ់ឆ្នាំនេះ មានគូស្នេហ៍ជាច្រើន គ្រប់ភេទ គ្រប់វ័យ បាននាំគ្នាមកសុំពរ ដោយបានសរសេរនៅក្នុងក្រណាត់ក្រហម រួចយកទៅចងនៅពីក្រោយសិវលិង្គ។ អ្នកខ្លះក៏បានថតរូបទុកជាមួយគ្នាជាអនុស្សាវរីយ៍ មើលទៅពិតជាផ្អែមល្ហែមមែនទែន។ យ៉ាងណាមិញ មហាជនជាច្រើន ក៏ចាប់ផ្តើមសម្រុកមកទីនេះជារឿយៗដែលធ្វើកន្លែងមួយនេះ កាន់តែមានប្រជាប្រិយភាព៕