ផ្អើលរោងការ! សង្សារចាស់ប្រមូលគ្នាមកលើកស្លាកថ្ងៃការ កូនកំលោះបានត្រឹមធ្វើមុខស្អុយប៉ែ
អ្នកធ្លាប់មានប្រវត្តិមានសង្សារច្រើនគួរប្រុងប្រយ័ត្ន ក្រោយថ្មីៗនេះមានករណីអតីតសង្សារចាស់ប្រមូលផ្ដុំគ្នា ៨-៩ នាក់ ដើម្បីលើកស្លាកនៅថ្ងៃមង្គលការបុរសដែលខ្លួនធ្លាប់ទាក់ទង ធ្វើឱ្យកូនកំលោះសម្ដែងទឹកមុខមិនត្រូវ។
រឿងមួយនេះបានកើតនៅទីក្រុង Zhenxiang ខេត្ត Yunnan ប្រទេសចិន ដោយបុរសជាកូនកំលោះបានចូលរោងការជាមួយគូស្នេហ៍ថ្មីកាលពីថ្ងៃទី ៥ ខែកុម្ភៈ កន្លងទៅនេះ។
អំឡុងពេលប្រារព្ធពិធីមង្គលការ ស្រាប់តែឃើញក្រុមនារីមានគ្នាប្រហែល ១០ នាក់ បានមកលើកស្លាកក្រហមអក្សរធំៗសរសេរថា ៖ «ពួកយើងជាក្រុមសង្សារចាស់របស់កូនកំលោះ Chen Song ហើយអ្នកអាចនឹងត្រូវគាត់ទាត់ចោលនៅថ្ងៃនេះ»។
ក្រោយឃើញទង្វើបែបនេះ កូនកំលោះហាក់ញញឹមលែងសម ចំណែកកូនក្រមុំក៏ហាក់មិនសប្បាយចិត្តដូចគ្នា។ បន្ថែមពីនេះអ្នកនិយមលេងបណ្ដាញសង្គមចិន ក៏បានធ្វើការរិះគន់ចំពោះទង្វើនេះផងដែរ ព្រោះតែវាមិនគួរឱ្យអស់សំណើច ហើយថែមទាំងបំផ្លាញអាពាហ៍ពិពាហ៍អ្នកដទៃផងដែរ៕