«ទិវាឱបគោ ១៤ កុម្ភៈ» នៅឥណ្ឌា ត្រូវលុបចោលវិញហើយ ក្រោយប្រកាសស្នើបានប៉ុន្មានថ្ងៃ
ទិវាឱបសត្វគោ ក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ដែលដាក់ស្នើកាលពីប៉ុន្មានថ្ងៃមុននេះ គឺត្រូវបានរដ្ឋាភិបាលឥណ្ឌាសម្រេចលុបចោលវិញហើយ ក្រោយទើបតែជំរុញឱ្យពលរដ្ឋខ្លួនប្រារព្ធធ្វើ ដើម្បីផ្សព្វផ្សាយតម្លៃវប្បធម៌សាសនាហិណ្ឌូនោះ។
តាមសារព័ត៌មានបានឱ្យដឹងថា ក្រុមប្រឹក្សាសុខុមាលភាពសត្វប្រចាំប្រទេសឥណ្ឌា (AWBI) បានសម្រេចលុបចោល «ទិវាឱបសត្វគោ» ក្រោយមានមតិរិះគន់ដូចព្យុះព្យរពីដៃគូរបដិបក្សនយោបាយ និង អ្នកលេងបណ្ដាញសង្គមជាច្រើន។
គួររំឭកថា កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ក្រុមប្រឹក្សាសុខុមាលភាពសត្វប្រចាំប្រទេសឥណ្ឌា (AWBI) បានប្រកាសយកថ្ងៃ «ទិវានៃក្ដីស្រឡាញ់» ទៅជា «ទិវាឱបសត្វគោ» ដើម្បីជាការជំរុញឱ្យពលរដ្ឋខ្លួន បង្ហាញក្ដីស្រឡាញ់ចំពោះសត្វចិញ្ចឹម ដែលប្រទេសចាត់ទុកជាសត្វដែលគ្រប់គ្នាគោរពក្នុងសាសនាហិណ្ឌូនោះ។
ជាងនេះទៅទៀត ដើម្បីកុំឱ្យវប្បធម៌ជាតិសាសន៍ដទៃកាន់តែគ្របដណ្ដប់ចូលក្នុងប្រទេស ការស្នើផ្លាស់ប្ដូរថ្ងៃនេះ គឺដើម្បីអាចជួយលើកតម្កើងប្រពៃណីវប្បធម៌ជាតិ ក៏ដូចជាជួយការពារលើការកាប់សម្លាប់សត្វគោ ដែលជាសត្វគួរគោរពបូជាតាមសាសនាហិណ្ឌូក្នុងប្រទេសផងដែរ៕