ទឹកចិត្តល្អល្អះ! កាតា បរិច្ចាគផ្ទះកាប៊ីន ១ ម៉ឺនផ្ទះ ដែលប្រើអំឡុងពេល World Cup ដល់ពលរដ្ឋនៅតួកគី-ស៊ីរី
ប្រទេសកាតា នឹងជួយផ្គត់ផ្គង់ដល់ប្រទេសតួកគី-ស៊ីរី នៅផ្ទះកាប៊ីនដែលប្រើប្រាស់អំឡុងពេលព្រឹត្តិការណ៍ FIFA World Cup 2022 ចំនួន ១ ម៉ឺនផ្ទះ ដើម្បីជួយសម្រូលដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដី មានទីកន្លែងជ្រកកោនជាបណ្ដោះអាសន្ន។
ថ្លែងបញ្ជាក់នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់ប្រចាំប្រទេសកាតាបានលើកឡើងថា៖ «ក្នុងការផ្ដល់ជាជំនួយបន្ទាន់ដល់ប្រទេសតួកគី-ស៊ីរី ពួកយើងបានសម្រេចចិត្តបញ្ជូនផ្ទះកាប៊ីន រួមទាំងប្រភេទឡានស្នាក់អាស្រ័យបាន (Camper Vans) ទៅឱ្យតំបន់ដែលរងគ្រោះ ដើម្បីជាការជួយផ្គត់ផ្គង់កន្លែងស្នាក់អាស្រ័យបណ្ដោះអាសន្នដល់ប្រទេសទាំងពីរ»។
កប៉ាល់ដឹកជញ្ជូនជើងដំបូង នឹងចាកចេញពីកំពង់ផែ Doha ទៅកាន់ប្រទេសតួកគីនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ហើយចំពោះការដឹកជញ្ជូនជើងបន្ទាប់ នឹងរំពឹងថាធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ទៀត។
គួរបញ្ជាក់ឱ្យដឹងថា ពលរដ្ឋនាប្រទេសតួកគី និង ស៊ីរី នាពេលបច្ចុប្បន្ននេះ គឺកំពុងត្រូវការកន្លែងស្នាក់អាស្រ័យបណ្ដោះអាសន្នខ្លាំងបំផុត ដោយសារតែផ្ទះសម្បែងរបស់ពួកគេត្រូវរងការខូចខាតទាំងស្រុង និង ទាមទារពេលវេលាយូរដើម្បីជួសជុលឡើងវិញ៕