ធនាគារជាតិ ប្រកាសហាមយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ទៅធានាលើការផ្ដល់ឥណទាន
ធនាគារជាតិកម្ពុជា នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ បានចេញសេចក្ដីជូនដំណឹងស្ដីពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។
ខាងធនាគារជាតិ បានបញ្ជាក់ឱ្យបានដឹងថា អត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ជាប្រភេទលិខិតយថាភូត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច សម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និង សម្រង់ស្ថិតិប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លិខិតយថាភូត មិនមែនជាទ្រព្យសម្រាប់ការដាក់បញ្ចាំ ឬ ជាទ្រព្យធានាក្នុងប្រតិបត្តិការ ផ្តល់ឥណទានឡើយ ពីព្រោះថាលិខិតទាំងនោះមិនមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្ម។
ដូច្នេះហើយ ធនាគារជាតិក្រើនរំឭកដល់គ្រប់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ និង គ្រឹះស្ថានឥណទានជនបទទាំងអស់ និង តម្រូវឱ្យគ្រឹះស្ថានបញ្ឈប់ជាបន្ទាន់ ចំពោះការទទួលយកនូវអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាលើការផ្តល់ឥណទាន។ ក្នុងករណីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និង គ្រឹះស្ថានឥណទានជនបទណាមិនអនុវត្តតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន គ្រឹះស្ថាននឹងត្រូវរងទណ្ឌកម្មខាងវិន័យស្របតាមមាត្រា ៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖