កៀក ១៤ កុម្ភៈ រដ្ឋាភិបាលឥណ្ឌាប្រកាសប្ដូរថ្ងៃ «ទិវានៃក្ដីស្រឡាញ់» ទៅជាថ្ងៃ «ទិវាឱបសត្វគោ»
ថ្ងៃ ១៤ កុម្ភៈកាន់តែកៀកចូលមកដល់ រដ្ឋាភិបាលប្រចាំប្រទេសថៃ ក៏បានយកឱកាសនេះ ធ្វើការផ្លាស់ប្ដូរឈ្មោះ «ទិវានៃក្ដីស្រឡាញ់» (Valentine’s Day) ទៅជា «ទិវាឱបសត្វគោ» (Cow Hug Day) វិញ ដើម្បីជាការជំរុញឱ្យពលរដ្ឋខ្លួន បង្ហាញក្ដីស្រឡាញ់ចំពោះសត្វចិញ្ចឹម ដែលប្រទេសចាត់ទុកជាសត្វដែលគ្រប់គ្នាគោរពក្នុងសាសនាហិណ្ឌូនោះ។
តាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាល ការឱបប្រលែងលេងជាមួយសត្វគោ នឹងផ្ដល់ឱ្យគ្រប់គ្នាមានអារម្មណ៍ល្អ ហើយថែមទាំងជួយឱ្យកាន់តែមានក្ដីសុខដល់ពួកគេរៀងៗខ្លួនផងដែរ។ ចំពោះគោលបំណងចម្បងនៃ «ទិវាឱបសត្វគោ» នេះដែរ គឺរដ្ឋាភិបាលធ្វើឡើងដើម្បីលុបបំបាត់ការហូរចូលនៃវប្បធម៌នៃលោកខាងលិច ដែលរដ្ឋាភិបាលឥណ្ឌាចាត់ទុកថា បានអូសទាញទម្លាក់តម្លៃទំនៀមទម្លាប់ប្រពៃណីឥណ្ឌានាពេលបច្ចុប្បន្ននេះ។
ជាក់ស្ដែង រយៈពេលរាប់ឆ្នាំមកនេះ ខណៈសេដ្ឋកិច្ចឥណ្ឌាបានបើកទូលំទូលាយនោះ ថ្ងៃ «Valentine’s Day» នេះ គឺបានក្លាយជាថ្ងៃដ៏ពេញនិយមសម្រាប់យុវវ័យក្មេងៗក្នុងប្រទេស រហូតធ្វើឱ្យទីផ្សារក្នុងប្រទេស បានប្រែប្រួលទៅតាមសម័យនិយម ដោយនាំគ្នាលក់ផ្កា តុក្កតាខ្លាឃ្មុំ រួមនឹងកាដូរូបរាងជាបេះដូងផ្សេងៗ
យ៉ាងណាមិញ ដើម្បីកុំឱ្យវប្បធម៌ជាតិសាសន៍ដទៃកាន់តែគ្របដណ្ដប់ចូលក្នុងប្រទេស ខាងរដ្ឋាភិបាលក៏បានសម្រេចផ្លាស់ប្ដូរឈ្មោះថ្ងៃ «Valentine’s Day» នេះ ទៅជាថ្ងៃ «Cow Hug Day» វិញ ដើម្បីអាចជួយលើកតម្កើងប្រពៃណីវប្បធម៌ជាតិ ក៏ដូចជាជួយការពារលើការកាប់សម្លាប់សត្វគោ ដែលជាសត្វគួរគោរពបូជាតាមសាសនាហិណ្ឌូក្នុងប្រទេសផងដែរ៕