គ្រូគាំងនិយាយលែងចេញ ក្រោយឃើញសិស្សស្រីក្លាហាន ជិះសត្វអូទ្រីសទៅសាលា
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមចិន ក្រោយអ្នកគ្រូបង្រៀនថ្នាក់បឋមសិក្សាម្នាក់នៅទីក្រុងហូណាន ប្រទេសចិន បានចែករំលែកវីដេអូកូនសិស្សរបស់ខ្លួនជិះសត្វអូទ្រីសមកសាលា ដែលធ្វើឱ្យខ្លួនភ្ញាក់ផ្អើលរហូតគាំងនិយាយមិនចេញ។
អ្នកគ្រូរូបនោះបានរៀបរាប់ថា៖ «កាលពីថ្ងៃទី ៣ ខែកុម្ភៈ កន្លងទៅនេះ កូនសិស្សខ្ញុំម្នាក់បានបង្ហាញពីភាពក្លាហាន ដែលធ្វើឱ្យខ្ញុំកោតសរសើរ តែក៏បារម្ភ ព្រោះតែនាងបានជិះអូទ្រីសតាំងពីផ្ទះរហូតមកដល់សាលា ដោយមិនបានប្រាប់ពីមូលហេតុថាហេតុអ្វីបាននាងយកវាមកធ្វើយានជំនិះនោះទេ។ ហើយអ្វីដែលសំខាន់នាងតូចរូបនោះបានអួតប្រាប់ខ្ញុំថា នាងអាចបញ្ជាវាបានតាំងពីផ្ទះរហូតមកដល់សាលាដោយការបិទ ឬបាំងភ្នែកនៃទិសដែលនាងមិនចង់ឱ្យវាទៅ»។
ក្រោយមកវីដេអូនេះក៏ត្រូវបានចែករំលែកពីគណនីមួយទៅគណនីមួយទៀត ដោយភាគច្រើនហាក់ហួសចិត្ត ដោយខ្លះពោលថា៖ «ខ្លាចតែឆ្នាំក្រោយកូនសិស្សជិះផេនដាមកសាលាទេអ្នកគ្រូ», «គ្រោះថ្នាក់ណាស់ក្នុងការបណ្ដោយឱ្យនាងធ្វើដំណើរតែម្នាក់ឯងជាមួយសត្វបែបនេះ», «ហើយចុះពេលរៀននាងតូចនឹងយកសត្វនេះទៅទុកនៅឯណា? ឬប្រលែងឱ្យវាទៅផ្ទះវិញដោយខ្លួនឯង?» ជាដើម៕