អាសូរណាស់! គូស្នេហ៍កីឡាបាល់ទះនៅតួកគី អស់បុណ្យទាំងប្តីប្រពន្ធ ក្នុងហេតុការណ៍រញ្ជួយដី
កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ សោដនាកម្មរញ្ជួយដីយ៉ាងរន្ធត់ បានកើតឡើងនៅប្រទេសតួកគី និង ប្រទេសស៊ីរី ដែលមកទល់ពេលនេះ បានឆក់យកជីវិតមនុស្សចាស់ក្មេងជាង ១២ ០០០ នាក់ទៅហើយ ថែមទាំងរបួសមិនចេះតិចជាងរាប់ម៉ឺននាក់ទៀត។
យ៉ាងណាមិញ ថ្មីៗនេះ រឿងរ៉ាវរបស់គូស្នេហ៍មួយគូ ជាអ្នកកីឡាបាល់ទះដ៏ល្បី ដែលបាត់បង់ជីវិតនៅក្នុងសោដនាកម្មគ្រោះធម្មជាតិនេះ បានកំពុងធ្វើឱ្យមានការអាណិតអាសូរយ៉ាងខ្លាំង។ ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីជាប្រពន្ធមានឈ្មោះថា Bethul Shoban វ័យ ២៧ ឆ្នាំ ចំណែកបុរសជាប្តីឈ្មោះ Bedrettin Cakir មានវ័យ ៣០ ឆ្នាំ។ ពួកគេ បានបាត់បង់ជីវិតនៅផ្ទះលម្ហែរបស់ខ្លួន នាទីក្រុង Karamanmaras ប្រទេសតួកគី។
លើសពីនេះទៅទៀត អ្វីដែលគួរឱ្យខ្លោចចិត្តជាងនេះទៅទៀតនោះ ស្រ្តីជាប្រពន្ធ ទើបតែលាពីក្លឹបរបស់ខ្លួនដើម្បីយកពេលវេលាមកប្រើប្រាស់ជាមួយនឹងស្វាមី ព្រមទាំងកូនៗ ២ នាក់ តែជាអកុសល បែរមកត្រូវបាត់បង់ជីវិតទាំងគូទាំងវ័យក្មេង បន្សល់ទុកតែកូនតូចៗឱ្យខ្វះភាពកក់ក្តៅ។
យ៉ាងណាមិញ ហេតុការណ៍រញ្ជួយដីមួយនេះ គឺពិតជាការរញ្ជួយដីមួយដ៏ធំបំផុតសម្រាប់ប្រទេសតួកគី ហើយមកទល់ពេលនេះ ខាងអ្នកសង្គ្រោះក៏កំពុងបន្តស្វះស្វែងជួយជីវិតរបស់មនុស្ស ដែលកំពុងជាប់នៅក្រោមគំនរសំណង់អគារផងដែរ។ ចំណែក មហាជនគ្មានអ្វីឡើយ ក្រៅពីបន់ស្រន់សូមឱ្យមនុស្សដែលស្ថិតក្នុងហេតុការណ៍នេះទាំងប៉ុន្មាន មានសុវត្ថិភាពនោះ៕