(វីដេអូ) សើចបាប! នេន ២ អង្គ បណ្តើរសុនខចេញពីវេទិកាបុណ្យមាឃបូជា ផ្ទុះការចាប់អារម្មណ៍ព្រាតពេញ TikTok
មាឃបូជា គឺជាបុណ្យដ៏សំខាន់មួយសម្រាប់បណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនា ដែលគេតែងតែប្រារព្ធធ្វើនៅក្នុងខែមាឃ។ រីឯការងារទាំងឡាយក្នុងប្រទេសកម្ពុជា ត្រូវបានឈប់សម្រាកមួយថ្ងៃដើម្បីប្រារព្ធកម្មវិធីបុណ្យនេះ រាល់ថ្ងៃ ១៥ កើត ខែមាឃ ជារៀងរាល់ឆ្នាំ។
ក្នុងថ្ងៃនោះផងដែរ មហាជនដែលជាពុទ្ធសាសនិកក្នុងប្រទេសកម្ពុជា បានមូលមីប្រមូលផ្ដុំគ្នាដើម្បីធ្វើមហាពិធីបុណ្យមាឃបូជាសឹងគ្រប់វត្តអារាម ដើម្បីរំឭកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។
យ៉ាងណាមិញ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ព្រះតេជគុណម្ចាស់គណនី Tiktok មានព្រះនាមថា «Salong» បានបង្ហោះវីដេអូលោកនេន ២ ព្រះអង្គ បានដេញចាប់កូនសុខនមួយក្បាលក្នុងវត្ត ដែលកំពុងរត់លេងនៅក្នុងបរិវេនវេទិកាបុណ្យមាឃបូជា។ មិនតែប៉ុណ្ណោះ ព្រះតេជគុណម្ចាស់គណនីផ្ទាល់ ក៏បានភ្ជាប់ជាមួយនឹង Caption ថា ៖ «អូនចង់ឡើងលើវេទិកាបុណ្យមាឃបូជា តែ…»។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៅទៀតនោះ គឺត្រង់ថាទោះបីជានេនទាំង ២ អង្គព្យាយាមទាញ ព្យាយាមចាប់សត្វសុនខនោះយ៉ាងណាក្ដី ប៉ុន្តែវានៅតែរើបម្រះ រហូតធ្វើឱ្យភិក្ខុជាច្រើនដែលកំពុងសូត្រធម៌ ព្រមទាំងបរិស័ទកំពុងតែចូលរួមនោះ ផ្ទុះសំណើចសឹងគ្រប់គ្នាតែម្ដង៕