WHO ទម្លាយថា មានមនុស្សជាង ៧០ ម៉ឺននាក់ក្នុងមួយឆ្នាំ ស្លា.-ប់ដោយសារតែខំប្រឹងធ្វើការងារហួសកម្លាំង
ពាក្យថា «ធ្វើការច្រើនមិនស្លាប់» មើលទៅពេលនេះ មិនពិតនោះទេ ព្រោះអង្គការសុខភាពពិភពលោក WHO បានទម្លាយពីការសិក្សាមួយថា ក្នុងមួយឆ្នាំៗ មានមនុស្សច្រើនណាស់ ដែលបានបាត់បង់ជីវិតពីការធ្វើការនេះ។
អង្គការសុខភាពពិភពលោក បានទម្លាយឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៦ កន្លងទៅនេះ មានមនុស្សរហូត ៧៤៥ ០០០ នាក់ឯណោះ ដែលបានបាត់បង់ជីវិតដោយសារតែការធ្វើការធ្ងន់ ពោលគឺច្រើនជាងឆ្នាំ ២០០០ រហូតដល់ ២៩ ភាគរយ។ ការស្លាប់នេះដែរ ត្រូវគេបែកចែកជាការស្លាប់ ដោយសារដាច់សរសៃឈាមខួរក្បាលចំនួន ៣៩៨ ០០០ នាក់ និង ស្លាប់ដោយសារតែជំងឺបេះដូងចំនួន ២៤៧ ០០០ នាក់។ ជាពិសេស គឺមនុស្សនៅតំបន់អាស៊ីអាគ្នេហ៍ ហាក់ទទួលរងគ្រោះច្រើនជាងគេ។
ដោយអ្នកស្លាប់ នៅក្នុងតំបន់អាស៊ីអាគ្នេហ៍ភាគច្រើន ជាអ្នកធ្វើការច្រើន ៥៥ ម៉ោងក្នុងមួយសប្តាហ៍ និង ជាមនុស្សប្រុសរហូតដល់ទៅ ៧២ ភាគរយ។ បើទោះជាមិនបានប៉ះពាល់ដល់ជីវិត តែវាបង្កឱ្យមានហានិភ័យក្នុងការមានជំងឺបេះដូងរហូត ១៧ ភាគរយ និង ការដាច់សរសៃឈាមរហូតដល់ ៣៥ ភាគរយឯណោះ។
យ៉ាងណាមិញ WHO បានទម្លាយបន្តទៀតថា ការធ្វើការពីផ្ទះ ក៏ជាមូលហេតុដែលនាំឱ្យកាន់តែធ្វើការធ្ងន់ផងដែរ។ ជាពិសេស ខណៈពិភពលោកបានប្រទះជាមួយនឹងជំងឺរាតត្បាតកូវីដ ទើបធ្វើឱ្យការងារខ្លះ ត្រូវផ្លាស់មកធ្វើនៅតាមផ្ទះវិញ តែក៏មិនបានន័យថា ការងារតិចជាងការធ្វើនៅក្រុមហ៊ុននោះដែរ ព្រោះពេលនោះ ក្រុមហ៊ុនកំពុងតែប្រទះបញ្ហាខ្លាំង។ ដោយឡែក មានការមតិខ្លះក៏យល់ឃើញថា ការធ្វើការនៅផ្ទះ ធ្វើឱ្យប្រសិទ្ធភាពការងារកាន់តែខ្ពស់ជាងមុន ព្រោះបុគ្គលិកត្រូវមានទំនួលខុសត្រូវច្រើន ជាងការធ្វើការនៅក្រុមហ៊ុន៕