តស៊ូណាស់! ប្រើពេល ២ ឆ្នាំ កែប្រែវាសនាខ្លួនពីកម្មករសំណង់ ក្លាយជាម្ចាស់ក្រុមហ៊ុនផ្ទាល់ខ្លួន កាន់លុយពេញដៃ
មនុស្សយើងមិនអាចរើសទីកន្លែងកំណើតនោះឡើយ ដោយខ្លះបានកើតក្នុងត្រកូលមានទ្រព្យ ខ្លះទៀតក៏កើតក្នុងត្រកូលខ្សត់ក្រ ប៉ុន្ដែមានមនុស្សភាគច្រើនដែលមិនចុះចាញ់វាសនា ហើយជម្នះរហូតកែប្រែជោគជតាជីវិតខ្លួន។
ថ្មីៗនេះ បុរសជនជាតិវៀតណាមម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Loc Fuho ជាម្ចាស់ឆាណែល Loc Fuho TV បានចែករំលែកបទពិសោធជីវិតនៃការតស៊ូរបស់ខ្លួនថា ៖ «ក្រោយម្ដាយខ្ញុំបានបាត់បង់ជីវិត ជីវិតខ្ញុំ និង ប្អូនៗខ្ញុំពិបាកណាស់ ដោយបន្ទុកទាំងអស់ធ្លាក់មកលើខ្ញុំ ហើយពួកយើងមិនមានទ្រព្យនោះទេ ដោយខ្ញុំបានចំណាកស្រុកទៅធ្វើការជាកម្មករសំណង់តាមអ្នកជិតខាង ប៉ុន្ដែជីវិតជាកម្មករសំណង់មានចំណូលមិនទៀងនោះទេ ដោយខ្ញុំចាប់ផ្ដើមបានស្គាល់យូធូប ហើយក៏ចាប់ផ្ដើមចង់ថតចែករំលែក»។
«ដំបូងមិនដែលគិតថានឹងអាចរកលុយពីវានោះទេ តែយូរៗទៅក៏មានមនុស្សមើលច្រើន ហើយកើនអ្នកតាមដាន រហូតគ្រប់លក្ខខណ្ឌរបស់យូធូប ក៏ចាប់ផ្ដើមស្នើសុំរកលុយសាកល្បង។ វីដេអូយូធូបខ្ញុំ គឺចែករំលែកពីជីវិតប្រចាំថ្ងៃខ្ញុំ ពីការរស់នៅហូបចុក និង ការធ្វើដំណើរទៅតាមតំបន់ផ្សេងៗ។ ពីមួយថ្ងៃទៅមួយថ្ងៃអ្នកចូលមើលក៏ចេះតែកើនឡើង ហើយខ្ញុំចាប់ផ្ដើមមានចំណូលជាប្រចាំរហូតពួកខ្ញុំអាចសន្សំលុយបានខ្លះៗ ហើយខ្ញុំបានយកលុយពីយូធូបនោះមកជួយអ្នកខ្សត់ក្រដូចគ្នា ដែលពេលនោះហើយមនុស្សជាច្រើនចាប់ផ្ដើមគាំទ្រ ហើយក៏មានជាការផ្ដល់ជំនួយតាមខ្ញុំ និង ចែករំលែកកាន់តែច្រើនជាងមុន»។
«ខ្ញុំចំណាយពេល ២ ឆ្នាំ មកធ្វើការពេញម៉ោងនៅលើយូធូប ដោយឈប់ធ្វើចំណាកស្រុកធ្វើសំណង់ ហើយជារៀងរាល់សប្ដាហ៍ពួកយើងតែងចុះផ្ដល់ជំនួយដល់អ្នកខ្សត់ខ្សោយ។ ប្រាក់ខែដែលខ្ញុំទទួលបានពីយូធូបគឺចន្លោះពី ៥០០ ដុល្លារ ទៅ ២០០០ ដុល្លារ ក្នុងមួយខែ ដែលវាច្រើនជាងប្រាក់ខែធ្វើសំណង់ខ្ញុំគុណនឹង ២ ឬ ៣។ វាអាចមិនងាយស្រួលក្នុងការចាប់ផ្ដើម តែខ្ញុំមិនដែលបោះបង់ទេ។ ពេលនេះខ្ញុំមានលទ្ធភាពទិញខោអាវល្អៗពាក់ មិនមែនខោអាវរហែកដូចមុន ហើយក៏មានអាហារឆ្ងាញ់ៗញ៉ាំដែរ»។
បន្ថែមពីនេះ គេបានរកឃើញនាពេលបច្ចុប្បន្ននេះ Loc Fuho បានក្លាយជាម្ចាស់ក្រុមហ៊ុនផ្ទាល់ខ្លួន ក្រោយសន្សំលុយមកជាង ២ ឆ្នាំ ដោយលោកបានដាក់ឈ្មោះលោកជាឈ្មោះក្រុមហ៊ុន ហើយលោកក៏មានលុយធ្វើផ្ទះផ្គត់ផ្គង់ប្អូនស្រីរបស់លោក ព្រមទាំងមានរថយន្ដផ្ទាល់ខ្លួនផងដែរ៕