ទិញបបរសាមចូកកញ្ចប់មកហូប កំពុងដួសហូបឃើញខ្មៅៗស្មានតែសារ៉ាយ មានឯណាជីងចក់សោះ
ពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលមិនតិចឡើយនូវរឿងរ៉ាវរបស់នារីម្នាក់ ដែលទៅទិញបបរសាមចូកមកបរិភោគ ហើយដួសមកបានតែមួយស្លាបព្រា ស្រាប់តែប្រទះអ្វីខ្មៅៗស្មានតែជាសារ៉ាយ តែដល់មើលយូរទៅ ព្រះអើយជាសត្វជីងចក់។
រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសថៃ ដែលស្រ្តីខាងលើបានផុសប្រាប់ពីរឿងរ៉ាវដ៏ហួសចិត្តរបស់ខ្លួននៅតាមបណ្តាញសង្គមថា ខ្លួនបានទិញបបរសាមចូកកញ្ចប់របស់ប្រ៊នល្បីក្នុងស្រុកមួយ ហើយបានធ្វើញ៉ាំជាធម្មតា ស្រាប់តែលើកនេះសង្កេតឃើញហាក់មានដុំអ្វីខ្មៅៗមិនដូចរាល់ដង។ ឆ្ងល់ណាស់ស្មានតែជាសារ៉ាយ តែមើលយូរៗទៅជាសត្វជីងចក់ប៉ុនណាណីសោះ។
ខ្លួនពិតជាភ្ញាក់ផ្អើលហួសចិត្តជាខ្លាំង ក៏បានផ្ញើសារទៅប្រាប់ក្រុមហ៊ុន ហើយខាងគេក៏បានទាក់ទងមកសុំទោសវិញ ព្រមទាំងបានផ្ញើរបស់មកឱ្យ តែខ្លួនបានបដិសេធមិនយករបស់ញ៉ាំ ទើបគេបានផ្ញើជាសាប៊ូ និង ឡេមកឱ្យវិញ។ ចុងក្រោយនេះខាងក្រុមហ៊ុនក៏បានទាក់ទងមកម្តងទៀត ទាក់ទងនឹងការផុសនៅលើបណ្តាញសង្គមនេះ តែខ្លួនក៏បានបកស្រាយវិញហើយថា ការផុសនេះគឺជាការតឿនឱ្យមានការប្រុងប្រយ័ត្នមិនមានចេតនាចោទប្រកាន់ណាមួយដែរ៕