ក្រោយរីងស្ងួតទឹកអស់ច្រើនសតវត្សរ៍ ពេលនេះទន្លេស្ងួតនៅសៀមរាប ចាប់ផ្ដើមមានទឹកជាប្រចាំវិញហើយ
កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និង ហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ទន្លេស្ងួតដែលជាស្រះបុរាណមួយរបស់បុព្វបុរសខ្មែរ បានសាងសង់ឡើងតាំងពីក្នុងសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ មានចម្ងាយប្រមាណ ៤០០ ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង និង ត្រូវបានបោះបង់ចោលឱ្យស្ថិតក្នុងសភាពរីងស្ងួតអស់រយៈពេលជាច្រើនសតវត្សរ៍នោះ បច្ចុប្បន្ននេះគឺចាប់ផ្ដើមមានទឹកជាប្រចាំខួបប្រាំង និង វស្សាវិញហើយ។
បើយោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ទន្លេស្ងួត នេះមានបណ្តោយប្រវែង ៨០០ ម៉ែត្រ និង ទទឹងប្រវែង ៤០០ ម៉ែត្រ បានខូចខាត និង រីងគោក ដោយសារការបោះបង់ចោល ហើយមិនមានអ្នកថែទាំអស់រាប់សតវត្សរ៍មកហើយ ប៉ុន្តែត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា និង មានការចូលរួមពីព្រះសង្ឃ និង ប្រជាពលរដ្ឋ ទើបអាចស្ដារជួសជុលទំនប់ដែលធ្លុះធ្លាយ ហើយសាងសង់ទ្វារបញ្ចេញបញ្ចូលទឹក និង រៀបចំប្រព័ន្ធធារាសាស្រ្តបុរាណរបស់សម័យអង្គរ ដែលអាចស្តុកទឹកពេញជាអចិន្ត្រៃយ៍ឡើងវិញបានប្រមាណ ៧៥ ម៉ឺនមែត្រគូប។
គួរបញ្ជាក់ដែរថា តំបន់នៅក្បែរ និង ជុំវិញទន្លេស្ងួតនោះ ផ្នែកខាងកើតគឺ ប្រាសាទព្រះខ័ន និង ខាងលិចមានប្រាសាទទន្លេស្ងួត ដែលទើបនឹងបានជួសជុលរួច ហើយប្រាសាទទន្លេស្ងួតនេះក៏ជាមន្ទីរពេទ្យសម័យបុរាណមួយក្នុងចំណោមមន្ទីរពេទ្យចំនួន ៤ ផ្សេងទៀត ដែលតាំងនៅជុំវិញក្រុងអង្គរធំ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ័ន្មទី ៧ នាចុងសតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ ។ លើសពីនេះទៅទៀត ការស្ដារឡើងវិញនេះគឺជាប្រយោជន៍ដើម្បីការពារតំបន់អង្គរ និង ក្រុងសៀមរាបទាំងមូល មិនឱ្យមានការលិចលង់ ដោយទឹកភ្លៀងនៅរដូវវស្សាផងដែរ៕
រូបភាពដោយ ៖ អាជ្ញាធរជាតិអប្សរា