ចិន ចាយលុយរាប់រយលានដុល្លារ ធ្វើកប៉ាល់យក្សឱ្យដូច Titanic បេះបិទ តែចុងក្រោយត្រូវបរាជ័យ
បើនិយាយពីកប៉ាល់ទេសចរណ៍យក្ស Titanic នរណាៗក៏ស្គាល់ថា ជាកប៉ាល់ដ៏ធំជាងគេ និង ល្បីល្បាញជាងគេបំផុតជាប្រវត្តិសាស្ត្រ បើទោះបីជាកប៉ាល់មួយនេះ បានលិចបាត់ជ្រៅទៅក្នុងបាតសមុទ្រអស់រយៈកាលច្រើនឆ្នាំកន្លងមកនេះក៏ដោយ។
បើទោះជាកប៉ាល់មួយនេះ មានប្រវត្តិ និង ការចងចាំដ៏តក់ស្លុតសោកសង្រេងយ៉ាងណាក៏ដោយ ប៉ុន្តែសោភណ្ឌភាព និង ភាពប្រណីតនៃកប៉ាល់នេះដែរ គឺនៅតែទទួលបានការសរសើរពីមាត់មហាជននានាមិនប្រែប្រួលនោះឡើយ រហូតមានអ្នកចង់ទទួលបានបទពិសោធ និង ឃើញទិដ្ឋភាពក្នុងកប៉ាល់នោះដោយផ្ទាល់ទៀតផង។
ជាក់ស្ដែង កាលពីឆ្នាំ ២០១៣ កន្លងទៅ ក្រុមហ៊ុនមួយនាខេត្ត Sichuan ប្រទេសចិន បានកើតមានមហិចតាបង្កើតគម្រោងមួយ ក្នុងការសាងសង់កប៉ាល់ Titanic ថ្មីមួយ ដែលមានឈ្មោះថ្មីថា «Romandisea Titanic»។ គម្រោងសាងសង់កប៉ាល់ថ្មីនោះដែរ គឺចាប់ផ្ដើមធ្វើឡើងនៅក្នុងឆ្នាំ ២០១៤ ដោយគម្រោងវិនិយោគលើកប៉ាល់មួយនេះចំណាយប្រាក់សរុបរហូតដល់ ១៦១ លានដុល្លារឯណោះ។
យ៉ាងណាមិញ អ្វីដែលពិសេសនៃកប៉ាល់ថ្មីមួយនេះ គឺថាវាមិនដំណើរការដូចនឹងកប៉ាល់ Titanic ដើមនោះឡើយ ដែលត្រូវដឹកអ្នកទេសចរទៅលំហែលើផ្ទៃមហាសាគរនោះ តែកប៉ាល់ Tomandisea Titanic នេះ គឺជាគ្រាន់តែជាកប៉ាល់ម៉ូដែល ដាក់ចតលើដីនៃសួនកម្សាន្តមួយនាខេត្ត Sichuan តែប៉ុណ្ណោះ។ កប៉ាល់លំនាំ Titanic នេះដែរ គឺគម្រោងនឹងបង្កើតជា resort មានជាកន្លែងស្នាក់នៅ ភោជនីយដ្ឋាន កន្លែងលក់ទំនិញជាដើម ដែលអាចឱ្យភ្ញៀវដែលមកទីនោះ ទទួលបានបទពិសោធពិតៗនៃការរស់នៅលើកប៉ាល់ជាប្រវត្តិនោះ។
ទោះជាយ៉ាងណាក៏ដោយ គម្រោងនៃការសាងសង់កប៉ាល់លំនាំ Titanic នេះដែរ ហាក់លិចលង់បាត់ទៅវិញ ដោយសារតែការសាងសង់ត្រូវពន្យារពេលរហូតតាំងពីឆ្នាំ ២០១៨ មក ព្រោះតែជួបប្រទះបញ្ហាជាច្រើនលើការវិនិយោគ។ រហូតមកដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ ដដែល ដំណើរការសាងសង់កប៉ាល់ Romandisea Titanic បានបន្តឡើងវិញ ប៉ុន្តែមិនដល់មួយឆ្នាំផង ការសាងសង់ក៏ត្រូវផ្អាកជាថ្មី។ មកដល់ចុងឆ្នាំ ២០២២ កន្លងទៅនេះ វិបសាយផ្លូវការរបស់ក្រុមហ៊ុនក៏ត្រូវបានបិទចោល ស្របពេលកប៉ាល់សាងសង់បានត្រឹម ២៥ ភាគរយប៉ុណ្ណោះ៕