បាងកក ជាប់ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក ជាទីក្រុងមានការបំពុលបរិយាកាសខ្លាំងក្លាបំផុត
នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ សារព័ត៌មាន Thaiger បានចុះផ្សាយថា ទីក្រុង បាងកក ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក ជាទីក្រុងដែលមានការបំពុលបរិយាកាសខ្លាំងជាងគេបំផុត។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈ នេះ កម្រិតធូលីបំពុលបរិយាកាសបានឡើងដល់កម្រិតប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់កម្រិត PM2.5 រហូតផ្សែងអ័ព្ទអួរខ្លាំងបានគ្របដណ្តប់អគារខ្ពស់ៗក្នុងទីក្រុងនេះ។
យ៉ាងណាមិញនៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ ដដែលនេះ សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅទីក្រុងបាងកក ស្ថិតក្នុងកម្រិត ១៩៨ នេះបើយោងតាម IQAir ដែលជាដៃគូបច្ចេកវិទ្យានៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ។ គួរឱ្យដឹងថា AQI ដែលលើសពី ១០០ ត្រូវបានចាត់ទុកថា ជាកម្រិតមិនល្អ (មានពណ៌ក្រហម) ហើយបើលើសពី ២០០ ត្រូវបានចាត់ទុកថា កម្រិតមិនល្អធ្ងន់ធ្ងរ (ពណ៌ស្វាយ) និង លើសពី ៣០០ ត្រូវបានចាត់ទុកថា កម្រិតគ្រោះថ្នាក់។
មិនតែប៉ុណ្ណោះ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានជំរុញឱ្យប្រជាជនទីក្រុងបាងកក ចៀសវាងការហាត់ប្រាណនៅខាងក្រៅ ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និង ចូលរួមធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការបំពុលខ្យល់ ព្រោះភាគល្អិតធូលី PM2.5 មានទំហំតូចណាស់អាចជ្រាបចូលជ្រៅទៅក្នុងផ្លូវដង្ហើម និង ចូលទៅក្នុងសួត បង្កជាផលប៉ះពាល់សុខភាពរយៈពេលខ្លីរួមមាន រលាកភ្នែក ច្រមុះ បំពង់ក និង សួត ក្អក កណ្តាស់ ហៀរសំបោរ និង ដង្ហើមខ្លីៗ។
មិនត្រឹមតែទីក្រុង បាងកក ទេ សូម្បីតែ ឈៀងម៉ៃ ក៏ជាប់ចំណាត់ថ្នាក់ខ្ពស់ដែរ គឺឈរនៅលេខ ៨ ក្នុងចំណោមទីក្រុង ដែលមានបំពុលខ្យល់នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ជាមួយនឹងកម្រិត PM2.5 ឈានដល់កម្រិត ១៦៥ ហើយនៅម៉ោង ៨ ព្រឹកថ្ងៃដដែលនេះ នៅសាមុតប្រាកាន ក៏មានការបំពុលបរិយាកាសដែរ ដោយបានឈានដល់កម្រិតមិនល្អខ្លាំងណាស់គឺ កម្រិត ២៦២ ដែលតម្រូវឱ្យសិស្សទាំងអស់ត្រូវនៅផ្ទះពេញមួយថ្ងៃ៕
ប្រភព៖ Thaiger