ម្ដាយយំដល់សន្លប់ ក្រោយជួបកូនប្រុសដែលបាត់ខ្លួនជាង ២៥ ឆ្នាំ
រឿងរ៉ាវរំជួលចិត្តមួយបានកើតឡើងនៅប្រទេសឥណ្ឌូនេស៊ី ក្រោយស្ត្រីម្នាក់យំរហូតដល់សន្លប់ បន្ទាប់ពីបានជួបកូនប្រុសដែលបាត់ខ្លួនជាង ២៥ ឆ្នាំ។
តាមរយៈការរាយការណ៍បានឱ្យដឹងថា អ្នកភូមិជាច្រើនបានស្វាគមន៍បុរសវ័យ ៣៨ ឆ្នាំ ម្នាក់យ៉ាងកក់ក្ដៅក្រោយពេលឃើញគេត្រលប់មកតំបន់ដែលធ្លាប់រស់នៅវិញ បន្ទាប់ពីបាត់ខ្លួនអស់ជាង ២៥ ឆ្នាំ ហើយដំណឹងនេះបានឮដល់ម្ដាយក៏បាត់រត់មករកទាំងអារម្មណ៍រំភើបរហូតដល់ថ្នាក់សន្លប់។
ដោយមន្ត្រីប៉ូលិសបានប្រាប់ថា៖ «បុរសរូបនេះបានរត់ចេញពីផ្ទះតាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ គឺពោលតាំងពីអាយុ ១៣ ឆ្នាំ ហើយក្រុមប៉ូលិសបានព្យាយាមស្វែងរកតាមពាក្យបណ្ដឹងរបស់គ្រួសារ ប៉ុន្ដែគ្មានដំរួយណាមួយអាចរកឃើញរូបគេនោះឡើយ ដោយសន្និដ្ឋានថារូបគេបានចេញទៅរស់នៅស្រុកឆ្ងាយបាត់ទៅហើយ។ តាមរយៈពាក្យបណ្ដឹងរបស់គ្រួសារគេសន្និដ្ឋានបុរសរូបនេះ បានចេញពីផ្ទះព្រោះតែមិនចង់ចូលរួមពិធីកាត់ចុង ដោយយប់មុនធ្វើពិធីគឺរូបគេនៅផ្ទះ ហើយតុបតែងខ្លួនយ៉ាងស្អាតបាតធម្មតា លុះព្រឹកឡើងគឺបាត់ស្រមោលឈឹងពីផ្ទះ ដែលធ្វើឱ្យក្រុមគ្រួសារព្រួយបារម្ភជាខ្លាំង»។
«ហើយនៅទីបំផុតក្រុមប៉ូលិសក៏អាចចាប់ខ្លួនគាត់បាន ដោយទទួលបានជំនួយពី Youtuber ក្នុងស្រុកឱ្យជួយផ្សព្វផ្សាយ។ ប៉ុន្ដែស្ថានភាពផ្លូវចិត្តបច្ចុប្បន្នរបស់បុរសរូបនេះ គឺមិនមាន ១០០ ភាគរយទេ ដោយលោកធ្លាប់ជួបគ្រោះថ្នាក់រងរបួសធ្ងន់ តែរាងកាយរបស់លោកមានសុខភាពល្អ»៕