
ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និង ជាខេត្តសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិមានដូចជា តំបន់ទឹកធ្លាក់ តំបន់ភ្នំ និង សួនផ្កា ជាដើម។
ជាក់ស្ដែងថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គមហ្វ៊េសប៊ុក បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទីតាំងលម្ហែមួយកន្លែង ដែលមានទេសភាពស្រស់ស្អាត បែបធម្មជាតិ មានទាំងទឹកធ្លាក់ និង មានវិសាលភាពធំធេងអមដោយផ្ទៃដីមានដើមឈើទាំងតូច និង ធំ ដុះចម្រុះគ្នាជាម្លប់នៅជាប់នឹងមាត់ស្ទឹង ហើយនៅទីនោះត្រូវបានគេស្គាល់ថា «រមណីយដ្ឋានស្ទឹងក្រញូង»។
មិនត្រឹមតែមានទេសភាពស្រស់ស្អាតបែបធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលបានទៅទស្សនាក៏អាចចុះទៅងូតទឹកលេងកម្សាន្តក្នុងស្ទឹង ដែលមានថ្មរដិបរដុបផុសរាយប៉ាយ ឬអង្គុយលេងនៅតាមកញ្ចុះមាត់ទឹក និង ថែមទាំងអាចបោះតង់គេងជុំគ្នាបានទៀតផង។
គួរបញ្ជាក់ដែរថា រមណីយដ្ឋានស្ទឹងក្រញូងនេះ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលស្ថិតនៅភាគខាងលិចឈៀងខាងត្បូងនៃទីរួមខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រពីទីរួមខេត្តស្ថិតក្នុងភូមិ តាសាញ ឃុំ តាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង និង អាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ ៥៧ ទៅកាន់ស្រុកសំឡូត ហើយឆ្ពោះទៅកាន់រមណីយដ្ឋានតែម្ដង៕
រូបភាព៖ រដ្ឋបាលខេត្ត បាត់ដំបង និង អ្នកថតរូបសម័យ Smart Phone