ឈ្នះគេទៀតហើយ! Doja Cat មកលើកណាមិនច្រឡំគេ លើកនេះចេញស្ទីលថ្មី យករោមភ្នែកបិទពេញមុខ
កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ តារារ៉េបស្រី Doja Cat បានលេចវត្តមាននៅក្នុងកម្មវិធី Paris Fashion Week ជាមួយនឹងឈុតសែនប្លែក ក្រហមឆ្អិនឆ្អៅ ដែលថែមទាំងមានត្បូងបិទរំលេចពេញខ្លួន តម្លៃរាប់ម៉ឺនដុល្លារ ធ្វើឱ្យមហាជនចំហមាត់សរសើរដោយការភ្ញាក់ផ្អើល ព្រោះតែភាពច្នៃប្រឌិតដ៏ប្លែករបស់នាង។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ Doja Cat ក៏នៅតែមានវត្តមាននៅក្នុងកម្មវិធីនេះផងដែរ ដោយម្តងនេះ នាងចេញស្ទីលថ្មីទៀតហើយ ធ្វើឱ្យមហាជនទប់សំណើចមិនបានឡើយ។ លើកនេះ នាងតែងខ្លួនមើលទៅស្រដៀងទៅនឹងមនុស្សប្រុស ដោយមានយករោមភ្នែក មកបិទនៅចិញ្ចើម បិទធ្វើជាពុកមាត់ ព្រមជាមួយនឹងឈុតអាវធំពណ៌ត្នោតផងដែរ។
លើសពីនេះទៅទៀត Doja Cat បានឈរកាច់រាង លេងទឹកមុខ ឃើញគួរឱ្យអស់សំណើច ទាក់អស់ចំណាប់អារម្មណ៍មហាជនជាច្រើនដែលបានមកចូលរួមកម្មវិធី ពោលគឺស្ទីលរបស់នាងមិនមានអ្នកណាធ្វើដូចឡើយ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រ ពិតជាស្រឡាញ់ពេញចិត្តនូវគំនិតច្នៃប្រឌិតរបស់នាងណាស់ ហើយក៏សង្ឃឹមថា នាងនឹងបន្តនាំភាពប្លែកៗថ្មីរបស់ហ្វេសសិន មកឱ្យជាចំណីភ្នែកតទៀតដែរ៕