ឯកឧត្តម វ៉ាត់ ចំរើន ថាគុនខ្មែរដែលកម្ពុជាដាក់ក្នុងស៊ីហ្គេម ២០២៣ មានបញ្ញត្តិប្រកួត និង ការតុបតែងបែបខ្មែរ មិនពាក់ព័ន្ធអ្វីផ្សេងទេ
នៅប៉ុន្មានថ្ងៃមកនេះ មានការជជែកវែកញែកយ៉ាងផុសផុលពីមហាជនខ្មែរ និង ថៃជាច្រើន ពាក់ព័ន្ធរឿងប្រភេទកីឡា គុនខ្មែរ និង ថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣។ យ៉ាងណាមិញ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ នេះ កិច្ចប្រជុំថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ បានធ្វើសន្និសីទសារព័ត៌មានស្តីអំពីកីឡាគុនខ្មែរ នៅព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។
ជុំវិញសន្និសីទខាងលើ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើការបញ្ជាក់ជុំវិញរឿងរ៉ាវនេះយ៉ាងស៊ីជម្រៅ ហើយជាមួយគ្នានោះឯកឧត្តមក៏បានឱ្យដឹងដែរថា មកទល់ពេលនេះកម្ពុជាទទួលបានការគាំទ្រ ៨ ប្រទេស ទាំងកម្ពុជាខ្លួនឯង នៅក្នុងវិញ្ញាសាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡា Sea Game 2023 ដែលក្នុងនោះរួមមាន ប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង វៀតណាម។
ចំពោះប្រភេទកីឡាគុនខ្មែរនេះ ឯកឧត្តមក៏បានបន្តឱ្យដឹងទៀតថា ៖ «សម្រាប់កីឡាគុនខ្មែរនេះ អ្វីដែលយើងដាក់ទៅក្នុងបទបញ្ជាការប្រកួត គឺមានបទបញ្ជាការប្រកួតរបស់ខ្មែរ អត់មានពាក់ព័ន្ធជាមួយបទបញ្ជាការប្រកួតអ្វីផ្សេងទេ គឺរបស់ខ្មែរសុទ្ធ ទាំងបទបញ្ជាការប្រកួត របៀបតុបតែង ហើយយើងនឹងចេញផ្សាយឆាប់ៗនេះ នូវគំរូនៃការតុបតែងខ្លួន ឱ្យត្រូវទៅនឹងអត្តសញ្ញាណក្បាច់គុនបុរាណខ្មែររបស់យើង»។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចំពោះការចូលរួមប្រកួត ឬ មិនចូលរួមគឺជារឿងផ្សេងមួយទៀត ហើយសម្រាប់ខាងភាគីថៃក៏ចូលរួមដែរ តែចូលរួមក្នុងន័យថាជាអ្នកស្រឡាញ់នូវក្បាច់គុនទាំងអស់នៅលើពិភពលោកនេះ ទោះបីជាគុនខ្មែរ ឬ ក្បាច់គុនអ្វីក៏គាត់ចូលរួមគាំទ្រ ព្រមទាំងជាអ្នកបច្ចេកទេសខាងយុទ្ធគុនម្នាក់ដែរ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖