(វីដេអូ) ខានទៅស្រុកយូរ នឹកពេកស្រាប់តែទៅម្ដង នាំឆ្កែ ១៧ ក្បាលទៅជាមួយ ឡើងផ្អើលពេញភូមិ
ជឿជាក់ថាអ្នកដែលធ្វើការឆ្ងាយផ្ទះមុខជាបានស្គាល់ច្បាស់អារម្មណ៍នេះ អារម្មណ៍ដែលនឹកផ្ទះ នឹកស្រុកកំណើត ជាពិសេសគឺនឹកឪពុកម្ដាយដែលទន្ទឹងរង់ចាំផ្លូវកូន។
ថ្មីៗនេះ យុវតីម្នាក់បានចែករំលែកវីដេអូរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយ Tiktok ដោយបាននាំកូនៗរបស់នាង ដែលជាសត្វឆ្កែពូជ Husky ចំនួន ១៧ ក្បាល ទៅលេងម្ដាយឪពុកនៅស្រុកកំណើត ធ្វើឱ្យផ្អើលអស់អ្នកភូមិ។
ស្ត្រីដែលជាម្ចាស់ឆ្កែទាំង ១៧ ក្បាលបានប្រាប់ឱ្យដឹងថា៖ «នាងបានខកខានទៅលេងស្រុកកំណើតជិត ១ ឆ្នាំហើយ ដោយជាប់រវល់នឹងការរកស៊ី និងធ្វើការ ដែលស្រុកកំណើតនាងនៅឯទីក្រុង Chongqing ប្រទេសចិន។ ឆ្នាំនេះនាងបានប្រាប់ឪពុកម្ដាយនាងថា នាងប្រហែលជាមិនបានទៅស្រុកពេលចូលឆ្នាំទេ ដើម្បីទៅស្ងាត់ៗពញ្ញាក់អារម្មណ៍គាត់ ហើយអ្វីដែលពិសេសជាងរាល់ដងគឺនាងនាំកូនៗទាំង ១៧ ក្បាលរបស់នាងទៅជួបឪពុកម្ដាយនាងផងដែរ»។
«ដោយក្នុងការរៀបចំគម្រោងនេះនាងបានចំណាយពេល ៣ ថ្ងៃ ព្រោះត្រូវនាំសត្វឆ្កែជាច្រើនក្បាលធ្វើដំណើរទៅស្រុកដែលចំណាយពេលជាង ៥ ម៉ោង ព្រោះតែស្រុកនាងមានចម្ងាយជាង ៤០០ គីឡូម៉ែត្រ។ ហើយមូលហេតុដែលនាងមានឆ្កែច្រើនបែបនេះ គឺដោយសារពីមុននាងធ្លាប់បើកហាងកាហ្វេឆ្កែ តែវាក៏ត្រូវបិទទ្វារព្រោះកូវីដ ហើយនាងមិនអាចលក់ឆ្កែនោះទេ ព្រោះតែនាងស្រឡាញ់ ហើយក៏សម្រេចចិត្តចិញ្ចឹមវាបន្ដ ហើយគ្រួសារនាងក៏គាំទ្រការសម្រេចចិត្តរបស់នាងដែរ»៕