ស្នេហ៍ខុសវ័យបង ៦៣ អូន ១៩ ដឹកដៃគ្នាចូលរោងការបញ្ជាក់មូលហេតុថាស្រឡាញ់គ្នាពិត មិនគិតលើលុយ
និយមន័យស្នេហានៅលើលោកនេះមានច្រើនណាស់ ដោយវាផ្អែកទៅតាមការយល់ឃើញរបស់មនុស្សម្នាក់ៗ ស្នេហាគ្មានលក្ខខណ្ឌ គ្មានការបែងចែកវណ្ណៈ ឬអាយុនោះឡើយ។
ជាក់ស្ដែងថ្មីៗនេះ រឿងរ៉ាវស្នេហារបស់គូស្នេហ៍ជនជាតិឥណ្ឌូនេស៊ីមួយគូ កំពុងធ្វើឱ្យកក្រើកពេញបណ្ដាញសង្គមអ៊ីនធឺណេត ដោយកូនកំលោះវ័យ ៦៣ ឆ្នាំ ជាបុរសពោះម៉ាយ បានរៀបការជាមួយនារីវ័យក្មេងអាយុ ១៩ ឆ្នាំ ខណៈទើបស្គាល់គ្នាបានជាង ១ ខែ។
បុរសពោះម៉ាយឈ្មោះថា Sondani ត្រូវបានគេស្គាល់ថាជាសេដ្ឋីមានដី និង ទ្រព្យសម្បត្តិច្រើនមួយរូប ដែលរស់នៅតំបន់ Central Java ប្រទេសឥណ្ឌូនេស៊ី ហើយលោកបានជួបកូនក្រមុំវ័យ ១៩ ឆ្នាំរបស់លោកទើបតែជាងមួយខែប៉ុណ្ណោះ គឺអំឡុងពេលខែបួស (Ramadan) របស់អ្នកកាន់សាសនាមូស្លីម។ ក្រោយមក លោកបានទៅសួរនាំនាងមុន ព្រោះគ្រាន់តែជួបភ្លាមក៏ហាក់លង់ស្រឡាញ់នាងភ្លែត។
លោកបានព្យាយាមចែចង់នាង និង សួររឿងរៀបការជាច្រើនដង ហើយក៏ទទួលបានចម្លើយបដិសេធជាច្រើនដង។ នៅទីបំផុតនាងក៏យល់ព្រម ដោយលោកបានចូលស្ដីដណ្ដឹងតាមប្រពៃណី ហើយឱ្យថ្លៃបណ្ណាការដល់គ្រួសារនាងចំនួន ៧០០ លានរូពី (ប្រមាណ ៤៦ ០០០ ដុល្លារ) និង ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៣០០ លានរូពី (ប្រមាណ ២ ម៉ឺនដុល្លារ)។
បុរសពោះម៉ាយរូបនោះបានបញ្ជាក់បន្ថែមឱ្យដឹងថា៖ «មានមនុស្សជាច្រើនអាចគិតថានាងរៀបការជាមួយគាត់ដើម្បីប្រាក់ តែវាមិនពិតទេ ព្រោះគ្រប់យ៉ាងគឺគាត់ជាអ្នកសុខចិត្តឱ្យនាង ដោយនាងមិនបានទាមទារអ្វីទាំងអស់ ហើយនាងបាននិយាយថា នាងរៀបការព្រោះតែយល់ថាខ្ញុំជាមនុស្សល្អ និង ស្រឡាញ់ខ្ញុំមិនមែនព្រោះតែទ្រព្យខ្ញុំនោះឡើយ»៕