កូនស្រីថៅកែពេជ្រនៅឥណ្ឌា វ័យត្រឹម ៩ ឆ្នាំ មិនខ្វល់រឿងទ្រព្យ សុំឪពុកម្ដាយបួសសង្វាតរកព្រះធម៌
កាលពីប៉ុន្មានខែកន្លងទៅនេះ នៅប្រទេសឥណ្ឌាមានរឿងរ៉ាវមួយបានធ្វើឱ្យផ្ទុះការរំជួលចិត្តជាខ្លាំង ដែលមានកូនស្រីរបស់ថៅកែពេជ្ររបស់ឥណ្ឌាម្នាក់ សុខចិត្តលះបង់ទ្រព្យសម្បត្តិ ជីវិតសម្បូរសប្បាយ ទៅបួសដើរក្នុងផ្លូវព្រះធម៌ត្រឹមវ័យ ៩ ឆ្នាំ។
តាមព័ត៌មានបានឱ្យដឹងថា គ្រួសាររបស់ក្មេងស្រីរូបនេះ ជាម្ចាស់ក្រុមហ៊ុនពេជ្រដ៏ចំណាស់មួយនៅក្នុងប្រទេស ដែលមានទ្រព្យសម្បត្តិច្រើនក្រែលមិនតិចនោះឡើយ ហើយនាងគឺជាកូនស្រីច្បង ដែលនៅថ្ងៃអនាគតទៅ នឹងក្លាយទាយាទស្នងមរតកពីឪពុកម្តាយនេះឯង។ យ៉ាងណាមិញ ដោយសារតែមាននិស្ស័យជាមួយនឹងព្រះពុទ្ធសាសនា នាងក៏បានសម្រេចចិត្តលះបង់ទ្រព្យសម្បត្តិ លះបង់ជីវិតជាកូនសេដ្ឋី ងាកទៅរកផ្លូវព្រះធម៌វិញ ព្រមទាំងសម្រេចចិត្តបួសផងដែរ។
ម្តាយឪពុក ក៏បានយល់ព្រម មិនជំទាស់នឹងបំណងរបស់កូនស្រីឡើយ ដោយថែមទាំងចាត់ឱ្យមានជាក្បួនដង្ហែ មានសេះ មានដំរី មានមនុស្សហូរហែ ដើម្បីជូនដំណើរកូនស្រីទៅបួសទៀតផង។ យ៉ាងណាមិញ គេបានឱ្យដឹងថា ក្មេងស្រីរូបនេះ មាននិស្ស័យជាមួយព្រះពុទ្ធសាសនាមកតាំងពីតូចមកម្ល៉េះ នាងមិនដែលមើលទូរទស្សន៍ មើលកុន មិនដែលចេញក្រៅលេងដូចក្មេងដទៃ និង មិនដែលចូលរួមពិធីមង្គលការ ឬ ពិធីណាសប្បាយៗឡើយ នាងចូលចិត្តតែព្រះធម៌ និង បានចូលរួមពិធីបំបួស ៣៦៧ ដងមកហើយ៕