កោះមួយនៅខេត្តកែប មានទេសភាពស្រស់ស្អាតស្ងប់ស្ងាត់ ពុំសូវមានអ្នកស្គាល់ ល្អសម្រាប់អ្នកចូលចិត្តបោះតង់
ថ្វីដ្បិតតែមានភូមិសាស្ត្រតូចពិតមែន តែខេត្តកែបដែលស្ថិតនៅចម្ងាយប្រមាណ ១៦០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គឺជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ខ្លាំងក្លាមិនចាញ់ខេត្តដទៃនោះឡើយ ដោយមានទាំងតំបន់ទេសចរណ៍មាត់ឆ្នេរ តំបន់ទេសចរណ៍ធម្មជាតិ ផ្សារក្ដាមដ៏ធំ និង កន្លែងកម្សាន្តជាច្រើន ទាក់ចិត្តភ្ញៀវទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្តមិនចេះជិនណាយ។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមដឹកដៃប្រិយមិត្តមកស្គាល់កោះមួយកន្លែង ស្ថិតក្នុងខេត្តកែប ដែលនៅទីនោះ មានឈ្មោះថា «កោះពោធិ៍»។
ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប «កោះពោធិ៍» ជាកន្លែងស័ក្តិសមបំផុតសម្រាប់ប្រិយមិត្តនិយមបោះតង់អាំងភ្លើង និយាយរឿងក្នុងចិត្ត ដោយសារនៅទីនោះមានបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ និង ថតរូបបានស្អាតទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ កោះធម្មជាតិមួយនេះ មានកន្លែងសម្រាប់ស្ទូចត្រី ចាក់បង្គារ ព្រមទាំងអាចអង្គុយមើលថ្ងៃលិចដ៏ស្រស់ត្រកាល នាំឱ្យរសាយអស់នូវទុក្ខកង្វល់ដែលមាននៅក្នុងចិត្ត៕
ផ្ដល់សិទ្ធរូបភាព ៖ Pupin Travelust