ចង់សាកថ្មឱ្យជីវិត កុំភ្លេចកោះខ្យងដ៏ស្ងប់ស្ងាត់ ទេសភាពស្រស់ត្រកាល ជិះតែ ១០ គីឡូពីស្រែអំបិល
ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា កោះកុងជាខេត្តមួយដែលមានខ្សែឆ្នេរសមុទ្រវែងអន្លាយ មានកោះ ព្រៃភ្នំធម្មជាតិជាច្រើន កំពុងរង់ចាំភ្ញៀវទេសចរទៅទស្សនាកម្សាន្ត សម្រាប់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ក៏ដូចជាក្នុងឱកាសជួបជុំដំណើរកម្សាន្តតាមបែបលក្ខណៈគ្រួសារ។
ថ្ងៃនេះផងដែរ យើងសូមដឹកដៃប្រិយមិត្តមកស្គាល់កោះមួយកន្លែងស្ថិតក្នុងខេត្តកោះកុង ដែលមានទេសភាពស្រស់ស្អាតស្ងប់ស្ងាត់ ដែលនៅទីនោះមានឈ្មោះថា «កោះខ្យង»។
កោះខ្យង មានទីតាំងស្ថិតនៅក្នុងឃុំជីខក្រោម ភូមិខ្សាច់ក្រហម ស្រុកស្រែអំបិល ខេត្តកោះកុង មានចម្ងាយជាង ១០ គីឡូម៉ែត្រ ពីទីរួមស្រុកស្រែអំបិល នៃខេត្តកោះកុង។
នៅទីនោះ ភ្ញៀវទេសចរ អាចបោះតង់គេង អាំងសាច់ គយគន់ថ្ងៃរៀបលិច យប់ឡើងអាចដុតភ្លើងអាំង ជុំគ្នានិយាយពីនេះពីនោះពោរពេញដោយបរិយាកាសរីករាយក្រៃលែង ខណៈស្ថានភាពផ្លូវធ្វើដំណើរ គឺមានភាពងាយស្រួល ដោយឡានម៉ូតូ អាចទៅដល់កន្លែងឡើងទូកតែម្ដង៕