(វីដេអូ) ផ្ទុះការភ្ញាក់ផ្អើល! សពព្រះសង្ឃមួយអង្គស្រោបមាស រាប់ពាន់ឆ្នាំហើយនៅមានសភាពល្អមិនរលួយ
សារព័ត៌មានវៀតណាម បានចុះផ្សាយនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ នេះថា សាកសពរបស់ព្រះសង្ឃដ៏ល្បីមួយអង្គនៅវិហារ Ding Hui ក្នុងទីក្រុង Wu’an នៃប្រទេសចិន ភាគខាងជើងបានរក្សាទុករាប់ពាន់ឆ្នាំនៅតែមិនមានការខូចខាត ប៉ុន្តែបានធ្វើឱ្យអ្នកជំនាញមានការភ្ញាក់ផ្អើលក្រោយពីបានប្រើកាំរស្មី X ស្កេនសាកសពនោះ។
សពព្រះសង្ឃនោះត្រូវបានគេស្គាល់ថាជាព្រះគ្រូ Ci Xian នៅប្រទេសចិន ដែលបានជំរុញនូវការអភិវឌ្ឍន៍ព្រះពុទ្ធសាសនានៅក្នុងប្រទេសចិន ហើយក៏បានបកប្រែស្នាដៃពុទ្ធសាសនាជាច្រើនដែលត្រូវបានប្រជាជនសម័យនោះគោរពបូជាថាជាព្រះពុទ្ធមានព្រះជន្មគង់នៅ។ ដូច្នេះហើយក្រោយពីទ្រង់បានសុគតមនុស្សជាច្រើនបានស្ម័គ្រចិត្តបរិច្ចាគមាសប្រាក់ស្រោបលើសពដើម្បីរំឭកពីទ្រង់។
យ៉ាងណាមិញ អ្នកដែលធ្វើរូបសំណាករបស់ព្រះគ្រូ Ci Xian នាពេលនោះ ប្រហែលជាមិនបានដឹងទេថា បន្ទាប់ពីរាប់ពាន់ឆ្នាំមកនេះ រូបកាយមាសរបស់ទ្រង់នៅតែដដែល មិនរលួយ និង ត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃ។ ទាក់ទងនឹងបញ្ហាសពនេះ មនុស្សជាច្រើនបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែសភាពសាកសពនៅតែដដែល។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញចិនបានប្រើកាំរស្មី X ថតលើសពមាសរបស់លោកគ្រូ Ci Xian នៃប្រទេសចិន ហើយជាលទ្ធផលបានបង្ហាញថា រាងកាយរបស់ព្រះគ្រូ Ci Xian នៅតែដដែល សូម្បីតែផ្នែកខាងក្នុងនៃរាងកាយដូចជា ឆ្អឹង និង សរីរាង្គផ្សេងទៀតក៏នៅដដែល គ្មានការខូចខាតអ្វីទាំងអស់ ដែលនេះធ្វើឱ្យមនុស្សជាច្រើនគិតថា លោកដូចជាទើបតែស្លាប់ មិនសមជាសាកសពដែលបានស្លាប់រាប់ពាន់ឆ្នាំនោះទេ។ ទោះជាយ៉ាងណា អ្នកជំនាញក៏នៅតែមិនអាចចេញមកពន្យល់បានពីបញ្ហាមួយនេះបាននៅឡើយទេ៕
ប្រភព៖ Vietnam Post English