របួស ២ នាក់ ក្រោយ Power Bank របស់អ្នកដំណើរម្នាក់ ផ្ទុះឆេះលើយន្ដហោះចេញពីក្រុងតៃប៉ិ ទៅសិង្ហបុរី
អ្នកដំណើរចំនួន ២ នាក់លើយន្តហោះ Scoot Airline បានរងរបួស ក្រោយ Power Bank មួយគ្រឿង បានឆាបឆេះឡើង ស្របពេលយន្តហោះត្រៀមនឹងហោះហើរហើយនោះ។
កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ជើងហោះហើរ Scoot flight TR993 ដែលនឹងហោះចេញពីក្រុងតៃប៉ិ ទៅប្រទេសសិង្ហបុរីនោះ បានបង្វែរក្បាលទៅច្រកចូលព្រលានវិញ ក្រោយ Power Bank មួយគ្រឿងរបស់អ្នកដំណើរម្នាក់ បានឡើងក្ដៅខ្លាំងរហូតឆាបឆេះឡើង ផ្អើលស្លន់អ្នកដំណើរផ្សេងទៀតក្នុងយន្តហោះ។
តាមការបញ្ជាក់ពីខាងជើងហោះហើរ Scoot បានឱ្យដឹងថា អ្នករងរបួសទាំង ២ រូបគឺម្នាក់ជាម្ចាស់ Power Bank និង ម្នាក់ទៀតជាអ្នករួមដំណើរជាមួយគេ បានរងរបួសស្រាលរលាកម្រាមដៃ។
បើតាមរបាយការណ៍ព័ត៌មានពីសារព័ត៌មានក្នុងតំបន់បានឱ្យដឹងថា យន្តហោះរបស់ Scoot គឺបានរំកិលចេញពីច្រក ត្រៀមនឹងហោះហើរចេញពីព្រលានយន្តហោះ Taoyuan នាក្រុងតៃប៉ិហើយ ក៏ស្រាប់តែនៅវេលាម៉ោងប្រមាណ ៧ និង ៤០ នាទីយប់ ខាងព្រលានយន្តហោះ ក៏បានប្រកាសពីភ្លើងឆាបឆេះក្នុងកាប៊ីន។ ភ្លាមៗនោះដែរ ខាងក្រុមពន្លត់អគ្គិភ័យក៏បានទៅដល់ ហើយក៏ពន្លត់ភ្លើងបានទាន់ពេលវេលា មុនឱ្យយន្តហោះរំកិលចូលច្រកវិញ៕